ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជាកាលពីល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បានប្រកាសថា កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជាត្រូវបានបញ្ចប់ជាស្ថាពរ។ ប្រភពដដែលបានបញ្ជាក់ថានាថ្ងៃទី២០ ខែកក្កដា ឯកឧត្តម ជុង សាន ( Zhong Shan) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន និងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានអញ្ជើញរៀបចំកិច្ចប្រជុំរួមគ្នាតាម Video Conference និងបានប្រកាសរួមគ្នាថា កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន និងកម្ពុជាត្រូវបានបញ្ចប់ជាស្ថាពរ។
ជាមួយគ្នានេះស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជាបានសង្កត់ធ្ងន់ថា ក្រោយពីបានបញ្ចប់កិច្ចប្រជុំខាងលើនេះ ភាគីទាំងពីរបានចុះផ្សាយសេចក្តីថ្លែងការណ៍រួមស្តីពីការបញ្ចប់កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា ដោយបានលើកឡើងថាប្រទេសទាំងពីរបានបញ្ចប់កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានទិសដៅប្រកបដោយអត្ថប្រយោជន៍ទាំងនេះនឹងជាកម្លាំងជំរុញថ្មីមួយក្នុងការពន្លឿនការកសាងសហគមន៍ជោគវាសនារួមរវាងចិននិងកម្ពុជាប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ។

ស្ថានទូតចិនបានបញ្ជាក់ថា “ ភាគីទាំងពីរនឹងអនុវត្តតាមនីតិវិធីក្នុងប្រទេសរៀងៗខ្លួនខិតខំសម្រេចឲ្យបានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៃទ្វេភាគីឲ្យបានឆាប់រហ័ស ”។ គួរបញ្ជាក់ផងដែរថា កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន និងកម្ពុជាត្រូវបានចាប់ផ្តើមនាចុងឆ្នាំ២០១៩ ដំណើរការតែជាងពាក់កណ្ដាលឆ្នាំក៏ឈានដល់ការឯកភាពគ្នា នេះបានបង្ហាញពីកម្រិតខ្ពស់នៃទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕

ប្រភព៖ ក្រសួងព័ត៌មាន


