ប្រទេសហ្វីលីពីន និងធនាគារពិភពលោក (WB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចី ដែលមានចំនួន ៣៧០ លានដុល្លារសម្រាប់គម្រោងគាំទ្រដល់កសិករក្នុងស្រុក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Xinhua បានចុះផ្សាយនៅថ្ងៃទី ២០ ខែកក្កដា។
ចំពោះកិច្ចព្រមព្រៀងប្រាក់កម្ចី ត្រូវបានចុះហត្ថលេខាកាលពីពេលថ្មីៗនេះ ដោយរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុហ្វីលីពីនលោក Carlos Dominguez និងលោក Achim Fock ដែលជានាយកប្រចាំប្រទេសរបស់ WB សម្រាប់ប្រទេសព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងថៃ។ គម្រោងនេះមានគោលបំណងពន្លឿនដំណើរការ នៃការបែងចែកដីប្រមាណ ១.៤ លានហិកតា តាមរយៈកម្មវិធីកែទម្រង់កសិកម្មគ្រប់ជ្រុងជ្រោយរបស់ប្រទេស (CARP) បន្ទាប់មកផ្តល់ប័ណ្ណកម្មសិទ្ធិបុគ្គលដីឡូត៍ទាំងនេះ ដល់កសិករប្រហែល ៧៥០,០០០ នាក់។
ទន្ទឹមនឹងនេះ លោក Dominguez បានមានប្រសាសន៍ថា « គម្រោង SPLIT នឹងធ្វើឱ្យប្រសើរឡើង នូវភាពទន់ខ្សោយរបស់កសិករ និងអាចឱ្យពួកគេទទួលបានឥណទាន និងជំនួយពីរដ្ឋាភិបាល »។ លោកបានបន្ថែមថា ប្រាក់កម្ចីនេះនឹងគាំទ្រដល់កម្មវិធី ស្តារសេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីន។ រដ្ឋាភិបាលបានបែងចែកដីប្រហែល ៤.៨ លានហិកតា ដល់កសិករចំនួន ២.៨ លាននាក់ក្រោមកម្មវិធីកំណែទម្រង់ ប៉ុន្តែមានតែ ៥៣% ប៉ុណ្ណោះដែលមានទម្រង់ជាកម្មសិទ្ធិឯកជន៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus


