ស្ថិតក្រោមគ្រោងការណ៍ដែលរដ្ឋាភិបាលជប៉ុននឹងផ្ដល់មូលនិធិសម្រាប់ការផ្លាស់ប្ដូរផលិតកម្មពីប្រទេសចិន ក្រុមហ៊ុនជប៉ុនចំនួន ១៥ បានចុះឈ្មោះដើម្បីផ្លាស់ទៅវៀតណាម។ ក្រុមហ៊ុនទាំង ១៥ ជាកម្មសិទ្ធរបស់ក្រុមហ៊ុនជប៉ុនចំនួន ៣០ ដែលនឹងត្រូវបង់ប្រាក់ដើម្បីផ្លាស់រោងចក្រចេញពីប្រទេសចិន ហើយបង្កើតនៅទីផ្សារអាស៊ីអាគ្នេយ៍ដូចជាវៀតណាម ហ្វីលីពីន ថៃ និងឡាវ។
បើតាមបញ្ជីឈ្មោះរបស់អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Jetro) បានឲ្យដឹងថា ៦ ក្នុងចំណោម ១៥ ក្រុមហ៊ុននោះជាក្រុមហ៊ុនធំហើយនៅសល់ ៩ ទៀតជាសហគ្រាសធុនតូចនិងមធ្យម។ យ៉ាងណាមិញគេមិនទាន់ច្បាស់ទេថាតើក្រុមហ៊ុនទាំងនោះនឹងផ្លាស់ប្តូរទាំងស្រុង ឬ គ្រាន់តែមួយផ្នែកពីប្រទេសចិន។ តាមប្រភពដដែលបានឲ្យដឹងបន្ថែមថា រដ្ឋាភិបាលជប៉ុននឹងផ្តល់ឱ្យក្រុមហ៊ុននីមួយៗនូវទឹកប្រាក់ ១០០ លានយ៉េន (៩៣០,០០០ ដុល្លារ) ទៅ ៥ ពាន់លានយ៉េន (៤៦.៧ លានដុល្លារ) សម្រាប់ការផ្លាស់ប្តូរនេះ។

ក្រៅពីក្រុមហ៊ុនចំនួន ៣០ គ្រោងនឹងផ្លាស់ប្ដូរទៅកាន់តំបន់អាស៊ីអាគ្នេយ៍មានក្រុមហ៊ុនចំនួន ៥៧ ផ្សេងទៀតរួមមានក្រុមហ៊ុន Iris Ohyama Inc ដែលជាក្រុមហ៊ុនម៉ាស់ និងក្រុមហ៊ុន Sharp Corp ត្រូវបានកំណត់ប្រាក់ឧបត្ថម្ភចំនួន ៥៧.៤ ពាន់លានយ៉េន (៥៣៦ លានដុល្លារ) សម្រាប់ការផ្លាស់ប្តូរពីប្រទេសចិន នេះបើយោងតាមការដកស្រង់សំដីដោយ Bloomberg របស់ក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុន។

ការឧបត្ថម្ភធននេះ គឺជាផ្នែកមួយនៃផែនការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ជប៉ុននៅខាងក្រៅប្រទេសចិន ដែលត្រូវបានដាក់ចេញកាលពីខែមេសា។ រដ្ឋាភិបាលបានប្រកាសថា ខ្លួនបានគ្រោងកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចចំនួន ២៤៣.៥ ពាន់លានយ៉េនដើម្បីជួយក្រុមហ៊ុនជប៉ុនផ្លាស់ប្តូរផលិតកម្មចេញពីប្រទេសចិន។ ជាមួយគ្នានេះប្រទេសជប៉ុន គឺជាសេដ្ឋកិច្ចទី២ បន្ទាប់ពីកោះតៃវ៉ាន់ដែលបានចាត់វិធានការជាក់លាក់មួយដើម្បីធ្វើពិពិធកម្មបណ្តាញផ្គត់ផ្គង់របស់ខ្លួន និងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress


