G-20 ព្រមានពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចសកលយ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺរាតត្បាត Covid-19
សេដ្ឋកិច្ច July 20, 2020 Chan Sreyny

ប្រធានផ្នែកហិរញ្ញវត្ថុមកពីក្រុមសេដ្ឋកិច្ចធំៗចំនួន ២០ បាននិយាយកាលថ្ងៃទី​ ១៩ ថាសេដ្ឋកិច្ចពិភពលោកត្រូវបានគេរំពឹងថានឹងធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំនេះ ដោយសារការរីករាលដាលនៃជំងឺ Covid-19 ហើយពួកគេបានសន្យាថា នឹងធ្វើអ្វីដែលពួកគេអាចធ្វើបានដើម្បីកាត់បន្ថយហានិភ័យនេះ។

ពួកគេបាននិយាយថា « យើងបានប្តេជ្ញាចិត្តបន្តប្រើឧបករណ៍គោលនយោបាយ ដែលមានទាំងអស់ដើម្បីការពារជីវិតការងារ និងប្រាក់ចំណូលរបស់ប្រជាជន ដើម្បីគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក និងលើកកម្ពស់ភាពធន់នៃប្រព័ន្ធហិរញ្ញវត្ថុ » ទោះបីជាទស្សនវិស័យសេដ្ឋកិច្ចនៅតែមិនប្រាកដប្រជាខ្ពស់ក៏ដោយ។ សម្រាប់កម្មវិធីជំនួយដោះបំណុលរបស់ G-20 ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ និងអភិបាលធនាគារកណ្តាលបាននិយាយថា ទឹកប្រាក់ប៉ាន់ស្មានសរុបចំនួន ៥.៣ ពាន់លានដុល្លារ ត្រូវបានស្នើសុំពន្យារពេលនៅថ្ងៃសៅរ៍ ដោយប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ៤២ ។

ទន្ទឹមនឹងនេះ ដើម្បីគាំទ្រដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ G-20 បាននិយាយនៅក្នុងកិច្ចប្រជុំនិមិត្មកាលពីខែមុនថា ពួកគេ និង “Paris Club” ដែលជាអ្នកផ្តល់ប្រាក់កម្ចីជាប្រពៃណី ដល់ប្រទេសកំពុងអភិវឌ្ឍន៍ដូចជា G-7 បានយល់ព្រមផ្អាកការទូទាត់បំណុល ដល់ប្រទេសក្រីក្របំផុតចាប់ពីថ្ងៃទី ១ ខែឧសភា រហូតដល់ដំណាច់ឆ្នាំនេះ។ ដោយមានការព្រួយបារម្ភអំពីលំហូរមូលធន ពីបណ្តាសេដ្ឋកិច្ចកំពុងរីកចម្រើន G-20 បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយថា កម្មវិធីពង្រីកបំណុលដែលអាចធ្វើទៅបាន នឹងត្រូវពិចារណានៅក្នុងឆមាសទី២ នៃឆ្នាំនេះ ដោយពិចារណាលើការវិវត្តនៃជំងឺរាតត្បាត។

គួរបញ្ជាក់ផងដែរថា នៅក្នុងរបាយការណ៍របស់ IMF ដែលបានចេញផ្សាយកាលពីខែមុនបានព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះ ៤.៩% នៅឆ្នាំនេះ ខណៈពេលដែលធនាគារពិភពលោកព្យាករថាការធ្លាក់ចុះ ៥.២% ជាមួយនឹងការរីករាលដាលនៃជំងឺរាតត្បាត ដែលបានបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចពិភពលោកដ៏អាក្រក់បំផុត ចាប់តាំងពីមហាសេដ្ឋកិច្ចធ្លាក់ចុះក្នុងទសវត្សឆ្នាំ ១៩៣០ ។ ក្រុម G-20 រួមមាន៖ អាហ្សង់ទីន អូស្ត្រាលី ប្រេស៊ីល អង់គ្លេស កាណាដា ចិន បារាំង អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីតាលីជប៉ុន ម៉ិកស៊ិកកូ រុស្ស៊ី អារ៉ាប៊ីសាអូឌីត អាហ្វ្រិកខាងត្បូង កូរ៉េខាងត្បូង តួកគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប៕

អត្ថបទ៖ នីតា
ប្រភព៖ kyodonews