បន្ទាប់ពីស្ងាត់ជ្រងំអស់ជាច្រើនខែ ឥឡូវអាកាសយានដ្ឋានសុវណ្ណភូមិកំពុងបង្ហាញនូវការកើនឡើងនៃអ្នកដំណើរយ៉ាងខ្លាំងក្រោយវិធានការបិទទ្វារបានបន្ធូរបន្ថយ
ទេសចរណ៍ July 20, 2020 Chan Sreyny

ថៃ៖ ក្រោយស្ងាត់ជ្រងំអស់រយៈពេលជាច្រើនខែ អាកាសយានដ្ឋានសុវណ្ណភូមិកំពុងបង្ហាញនូវការកើនឡើងនៃអ្នកដំណើរជាថ្មីម្ដងទៀត ហើយការកើនឡើងនេះដែរត្រូវបានប្រភពសាព័ត៌មានក្នុងស្រុកបាងកកប៉ុស្តិ៍ឲ្យដឹងថា បន្ទាប់ពីរដ្ឋាភិបាលបានបន្ធូរបន្ថយវិធានការបិទទ្វារនៅដំណាក់កាលទី៥ ដែលអនុញ្ញាតឱ្យមានការធ្វើដំណើរក្នុងស្រុក។​

មេបញ្ជាការកងទ័ពអាកាសលោក Suthirawat Suwanawat និងជាអគ្គនាយកអាកាសយានដ្ឋានសុវណ្ណភូមិបានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី១-១៥ នៃខែកក្កដានេះ អាកាសយានដ្ឋានបានឃើញប្រតិបត្តិការហោះហើរចំនួន ៣,២០៥ ជើង (ចូល ១,៦០៤ និងចេញ ១.,៦០១ ជើង) ឬ ស្មើនឹង ២១៤ ជើងក្នុងមួយថ្ងៃ។ ជាមួយគ្នានេះចំនួនអ្នកដំណើរសរុបមានចំនួន ១៧៤,៩១២ នាក់ (៨៥,៧៥៨ នាក់ចូល និង ៨៩,១៥៤ នាក់ចេញ) ឬជាមធ្យម ១១,៦៦១ នាក់ក្នុងមួយថ្ងៃដែលជាចំនួនកើនឡើងខ្ពស់ពីខែមុន នៅពេលដំណាក់កាលទី៥ នៃការបន្ធូរបន្ថយការចាក់សោមិនទាន់បានចាប់ផ្តើមនៅឡើយ។

លោកបានបន្តថា ដើម្បីធានាសុវត្ថិភាពអ្នកដំណើរ និងបុគ្គលិកក្នុងអំឡុងពេលស្ថានភាព Covid-19 អាកាសយានដ្ឋាននៃប្រទេសថៃបានប្រើប្រាស់វិធានការដូចដែលបានស្នើដោយក្រសួងសុខាភិបាលដូចជា ការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យនៅតាមស្ថានីយទាំងអស់ដោយរក្សាគម្លាតសង្គម នៅក្នុងប្រតិបត្តិការ និងតំបន់អ្នកដំណើរ។ អនុវត្តការសម្អាតឱ្យបានស៊ីជម្រៅនៅតាមទីសាធារណៈ និងកន្លែងនានាជារៀងរាល់ថ្ងៃ និងអនុវត្តការពាក់ម៉ាសដោយបុគ្គលិក និងអ្នកដំណើរ។ ទន្ទឹមនឹងនេះលោក Suthirawat ក៏បានស្នើផងដែរថា អ្នកដំណើរគួរតែទាញយកពាក្យសុំអាកាសយានដ្ឋាន AOT ហើយបំពេញព័ត៌មានជាមុន មុនពេលចូលអាកាសយានដ្ឋានដើម្បីចៀសវាងការបង្កើតការរាំងស្ទះនៅស្ថានីយ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand