ក្រសួង និងទីភ្នាក់ងារវៀតណាមកំពុងធ្វើការយ៉ាងសកម្មជាមួយសមភាគីបរទេសស្តីពី ការស្តារឡើងវិញនូវបណ្តាញដឹកជញ្ជូនតាមផ្លូវអាកាស រវាងប្រទេសវៀតណាម និងប្រទេស និងតំបន់មួយចំនួន នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang ។
លោកស្រីបានធ្វើសេចក្តីថ្លែងការណ៍ នៅក្នុងសន្និសីទសារព័ត៌មានរបស់ក្រសួងកាលពីថ្ងៃទី១៦ ខែកក្កដា ក្នុងការឆ្លើយសំណួរទាក់ទងនឹងការបន្តជើងហោះហើរនៅបរទេស ក្នុងបរិបទនៃ Covid-19 ដែលត្រូវបានគ្រប់គ្រងនៅក្នុងប្រទេសវៀតណាម។ ប៉ុន្មានថ្ងៃចុងក្រោយនេះក្រសួងដឹកជញ្ជូនវៀតណាមបានដាក់សំណើទៅរដ្ឋាភិបាល សម្រាប់ការពិចារណាលើការបន្តដំណើរការផ្លូវអាកាសអន្តរជាតិចំនួន ៦ នៅអាស៊ីមានដូចជា៖ ដាណាង-ក្វាងចូវ (ចិន) ហាណូយ-សេអ៊ូល (សាធារណរដ្ឋកូរ៉េ) ហាណូយ-តូក្យូ (ជប៉ុន) ទីក្រុងហូជីមិញ-ចិនតៃប៉ិ, ក្វាងនិញ-វៀងចន្ទន៍ (ឡាវ) និងកានថូ-ភ្នំពេញ (កម្ពុជា) ។
លោកស្រីបានបន្ថែមទៀតថា ក្រសួងការបរទេសបានជូនដំណឹងដល់ទីភ្នាក់ងារបរទេសមួយចំនួន នៅប្រទេសវៀតណាមអំពីផែនការចាប់ផ្តើមការហោះហើរឡើងវិញ ដែលត្រូវបានគេលើកឡើង ចាប់ពីពាក់កណ្តាលខែកក្កដា ដោយផ្អែកលើការធានានូវការអនុលោមតាមវិធានការណ៍បង្ការ ដើម្បីធានាថាជំងឺ Covid-19 នេះមិនរីករាលដាលនៅក្នុងសហគមន៍។ នាពេលអនាគតឆាប់ៗខាងមុខនេះ វៀតណាមនឹងផ្តល់អាទិភាពដល់ប្រជាជនដែលត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសរួមមាន៖ ប្រជាជនវៀតណាម អ្នកជំនាញបរទេស វិនិយោគិន អ្នកគ្រប់គ្រងអាជីវកម្ម និងកម្មករជំនាញ ដែលចូលក្នុងគោលបំណងការទូត និងផ្លូវការ ឬករណីពិសេសមួយចំនួនទៀត។ ។

ទោះបីជាយ៉ាងនេះក្ដី ប្រជាជនដែលចូលក្នុងប្រទេសវៀតណាម ត្រូវគោរពតាមវិធានការណ៍ នៃការដាក់ឱ្យនៅដាច់ពីគ្នាខាងវេជ្ជសាស្ត្រ និងឆ្លងកាត់ការដាក់ឱ្យនៅដាច់ឆ្ងាយពីគ្នាស្របតាមបទបញ្ញត្តិ៕

អត្ថបទ៖ នីតា
ប្រភព៖ vietnaminsider


