ឡាវកំពុងសហការជាមួយសហគ្រិន និងវិស័យដទៃទៀតដើម្បីលើកកម្ពស់គុណភាពផលិតផលកសិកម្ម ដើម្បីបង្កើនការនាំចេញទៅប្រទេសចិន
សេដ្ឋកិច្ច July 18, 2020 Chan Sreyny

ឡាវ៖ រដ្ឋាភិបាលឡាវកំពុងសហការជាមួយសហគ្រិន និងវិស័យដទៃទៀតដើម្បីលើកកម្ពស់គុណភាពផលិតផលកសិកម្ម ដើម្បីបង្កើនការនាំចេញទៅប្រទេសចិន។ យោងតាមក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវបានឱ្យដឹងថា ប្រទេសនេះរកចំណូលបាន ៥៦០ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ តាមរយៈការនាំចេញផលិតផលកសិកម្មដោយ ៨០% នៃទំនិញត្រូវបានលក់ទៅប្រទេសចិន។

កាសែត Vientiane Times ក្នុងស្រុកបានដកស្រង់សម្តីរដ្ឋមន្រ្តីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវលោក Lien Thikeo ដែលបានថ្លែងនៅក្នុងសម័យប្រជុំលើកទី៩ នីតិកាលទី ៨ នៃរដ្ឋសភាថា ប្រទេសចិនគឺជាទីផ្សារធំបំផុតសម្រាប់ការនាំចេញពីប្រទេសឡាវ ដែលទទួលបានផលប្រយោជន៍ពីកូតាសម្រាប់អង្ករ ៥ ម៉ឺនតោន និងគោក្របីចំនួន ៥០០,០០០ ក្បាលក្នុងមួយឆ្នាំ។ លើសពីនេះទៀត ក្រសួងបានចរចាប្រកបដោយជោគជ័យនូវឱកាសទីផ្សារ និងកំណត់លក្ខខណ្ឌអនាម័យសម្រាប់ដំណាំនាំចេញ និងផលិតផលដែលពាក់ព័ន្ធរួមមាន៖ ស្រូវ ពោត ដំឡូងមី ចេក ឪឡឹក និងដំឡូងជ្វាទៅកាន់ប្រទេសចិន។

បច្ចុប្បន្ន​ ក្រសួងកំពុងសម្របសម្រួលជាមួយអគ្គនាយកដ្ឋានគយចិន ដើម្បីរៀបចំសេចក្តីព្រាងលក្ខខណ្ឌ និងការបញ្ជាក់សម្រាប់ការនាំចេញស្លឹកថ្នាំជក់ស្ងួត ផ្លែ Passion និងផ្លែក្រូច។ ក្រសួងក៏នឹងសហការជាមួយប្រទេសចិនផងដែរ ដើម្បីធ្វើអធិការកិច្ចនៅច្រកព្រំដែនអន្តរជាតិ និងក្នុងស្រុករវាងប្រទេសទាំងពីរដើម្បីធានាឱ្យបាននូវការធ្វើចលនាកសិផល ជាពិសេសផលិតផលស្រស់។ បើយោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ភាគីទាំងពីរកំពុងរៀបចំឯកសារស្តីពីការបើកទីផ្សារ សម្រាប់ផ្លែធូរេន ផ្លែល្វា ផ្លែនាគ ផ្លែខ្នុរ និងគ្រាប់ធញ្ញជាតិ។

តម្លៃនៃផលិតផលដែលនាំចេញពីប្រទេសឡាវទៅចិន បានកើនឡើងជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ ដែលជាផ្នែកមួយនៃការពង្រឹង និងធ្វើឱ្យស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ។ គួរបញ្ជាក់ផងដែរថា ក្នុងអំឡុងឆ្នាំ ២០១៥ ដល់​ ២០១៩ តម្លៃនៃការនាំចេញពីប្រទេសឡាវ ទៅកាន់ប្រទេសចិនបានកើនឡើងជាង ១០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ នេះបើយោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម៕

អត្ថបទ៖ នីតា
ប្រភព៖ xinhuanet