ធនាគារពិភពលោកអនុម័តឥណទានក្នុងរង្វង់ទឹកប្រាក់ ១០០ លានដុល្លារ ដើម្បីកែលំអប្រព័ន្ធផ្លូវថ្នល់នៅកម្ពុជា
សេដ្ឋកិច្ច July 18, 2020 Chan Sreyny

ក្រុមប្រឹក្សាភិបាលនៃធនាគារពិភពលោក (WB) បានអនុម័តឥណទាន ១០០ លានដុល្លារ ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់គម្រោងកែលំអការតភ្ជាប់ផ្លូវថ្នល់នៅកម្ពុជា កាលពីថ្ងៃទី ១៧ ខែកក្កដា ។

លោកស្រី Inguna Dobraja នាយក WB ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា « គម្រោងនេះគឺជា ការប្តេជ្ញាចិត្តរបស់ WB ដើម្បីគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់ប្រទេសកម្ពុជា។ វានឹងជួយឱ្យប្រជាជនកាន់តែប្រសើរឡើង ទៅនឹងសេវាកម្មដែលកាត់បន្ថយការរំខាន និងបង្កើតការងារដល់សហគមន៍មូលដ្ឋានក្នុងពេលសាងសង់ផ្លូវ »។ ចំពោះគម្រោងនេះ នឹងលើកកម្ពស់ការទទួលបាននូវសេវាកម្មសំខាន់ៗរបស់សហគមន៍ជនបទដូចជា៖ មណ្ឌលសុខភាព មន្ទីរពេទ្យ សាលារៀន និងទីផ្សារតាមរយៈការកែលម្អផ្លូវជនបទដែលធន់នឹងអាកាសធាតុ។

តាមរយៈការកែលំអផ្នែកមួយចំនួននៃផ្លូវជាតិ និងខេត្ត គម្រោងក៏នឹងកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូន និងហានិភ័យនៃការរំខានដោយផ្លូវ ដែលជួយសម្រួលដល់សង្វាក់ផ្គត់ផ្គង់កសិកម្ម និងការអភិវឌ្ឍទេសចរណ៍។ ទោះបីជាមានការកែលម្អគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះក្តី ក៏ថ្លៃដឹកជញ្ជូននៅតែខ្ពស់នៅក្នុងប្រទេសកម្ពុជា។ ផ្លូវថ្នល់គឺជា មធ្យោបាយធ្វើដំណើរដ៏លេចធ្លោមួយសម្រាប់ប្រទេស ហើយការវិនិយោគចាំបាច់ជាពិសេស នៅតាមទីជនបទ។ ផ្លូវថ្នល់នៅតាមជនបទមានជាង ៧៥% នៃបណ្តាញផ្លូវ ប៉ុន្តែមានតែ ៥% ប៉ុណ្ណោះដែលបានក្រាលកៅស៊ូ។ ជាមួយនឹងការផ្លាស់ប្តូរអាកាសធាតុភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បង្កឱ្យមានហានិភ័យ នៃការរំខានដល់ការតភ្ជាប់ផ្លូវថ្នល់។

ទន្ទឹមនឹងនេះ ការវិភាគលទ្ធភាពប្រើប្រាស់នៅតាមជនបទ ដែលជាផ្នែកមួយនៃការរៀបចំគម្រោងបានបង្ហាញថា ក្នុងអំឡុងពេលមានទឹកជំនន់ជាង ២៦% នៃប្រជាជននៅក្នុងតំបន់នៃគម្រោងប្រឈម នឹងហានិភ័យនៃការបាត់បង់លទ្ធភាពទទួលបានអគារសុខភាព និងសាលារៀន។ គម្រោងក្នុងតំបន់ដែលបានកំណត់រួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះដែលមានប្រជាជនជាង ២ លាននាក់ក្នុងនោះ ៨០% រស់នៅតាមតំបន់ជនបទ៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus