ថៃចេញច្បាប់ថ្មីលើជើងហោះហើរឆ្លងកាត់ប្រទេសទាំងអស់ បន្ទាប់ពីចិនហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍ចំនួនពីរ​ដោយសារដឹកអ្នកដំណើរផ្ទុកកូវីដទៅប្រទេសចិន
ទេសចរណ៍ July 17, 2020 Chan Sreyny

អាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសថៃបានហាមឃាត់រាល់ជើងហោះហើរទាំងអស់លើអ្នកដំណើរដែលរកឃើញថាមានឆ្លងវីរុស Covid-19 ដែលធ្វើដំណើរឆ្លងកាត់ប្រទេសថៃទៅប្រទេសដទៃទៀត បន្ទាប់ពីប្រទេសចិនបានហាមឃាត់ការហោះហើរចំនួនពីរពីប្រទេសនេះ។ លោក Chula Sukmanop អគ្គនាយក CAAT បាននិយាយអំពីវិធានការណ៍ថ្មីកាលពីថ្ងៃព្រហស្បតិ៍ឆ្លើយតបនឹងរបាយការណ៍ដែលថា រដ្ឋាភិបាលចិនបានហាមឃាត់ជាបណ្តោះអាសន្ននូវសេវាកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai AirAsia X និង Thai Lion Air ចំពោះការដឹកអ្នកដំណើរមួយចំនួនដែលឆ្លងវីរុសនេះទៅប្រទេសចិន។

លោកបានមានប្រសាសន៍ថា ក្រោមច្បាប់ថ្មី ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ត្រូវតែលក់សំបុត្រសម្រាប់តែអ្នកដែលមានលិខិតបញ្ជាក់ថាមិនមានផ្ទុកវីរុស Covid-19 ប៉ុណ្ណោះចំពោះជើងហោះហើរឆ្លងកាត់ប្រទេសថៃ។ លោកបានបន្ថែមថា ច្បាប់ថ្មីនេះត្រូវតែអនុវត្ត បើទោះបីជាអ្នកដំណើរមិនចុះពីយន្តហោះ មុនពេលផ្ទេរការហោះហើរទៅកាន់ប្រទេសគោលដៅក៏ដោយ។

យោងតាមប្រ​ព័ន្ធផ្សព្វផ្សាយមួយបានរាយការណ៍ថា ប្រទេសចិនបានហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍ទាំងពីររយៈមួយសប្តាហ៍ បន្ទាប់ពីអ្នកដំណើរមួយចំនួននៅលើជើងហោះហើររបស់ពួកគេនៅថ្ងៃទី១០ និង ១៣ ខែកក្កដា ត្រូវបានរកឃើញថាមានផ្ទុកវីរុស Covid-19។ ក្នុងនោះជើងហោះហើរ XJ808 និង SL117 ពីទី Kuala Lumpur និង Jakarta តាមរយៈអាកាសយានដ្ឋាន Don Mueang ទីក្រុង Bangkok ទៅកាន់ Tianjin និង Guangzhou ប្រទេសចិន។

ជាមួយគ្នានេះ លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 បាននិយាយថា ជើងហោះហើរពិសេសទាំងពីរបានហោះហើរនៅក្នុងប្រទេសថៃប្រហែលជាសម្រាប់សិទ្ធិហោះហើរទៅកាន់ប្រទេសចិនចាប់តាំងពីផ្លូវហោះហើរពី Kuala Lumpur និង Jakarta នៅតែត្រូវបានហាមឃាត់។ លោកបានបញ្ជាក់ថាអ្នកដំណើរនៅលើជើងហោះហើរទាំងពីរ នៅតែស្ថិតនៅលើយន្តហោះរបស់ខ្លួនក្នុងអំឡុងពេលឈប់សំចត ហើយអ្នកដំណើរប្រហែល ៥-៦ នាក់ក្នុងជើងហោះហើរទាំងពីរមានផ្ទុកវីរុស Covid-19៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost