អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន បាននិយាយនៅថ្ងៃទី១៧ ខែកក្កដានេះថា ក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ហ្វីលីពីន បានអនុម័តការចូលរបស់ជនបរទេស ដែលកាន់ទិដ្ឋាការរយៈពេលវែងដោយចាប់ផ្តើមនៅថ្ងៃទី១ ខែសីហា ។
លោក Harry Roque អ្នកនាំពាក្យប្រធានាធិបតី Rodrigo Duterte បាននិយាយថា ជនបរទេសដែលមានទិដ្ឋាការរយៈពេលវែង ចាំបាច់ត្រូវតែស្ថិតនៅដាច់ដោយឡែកពីគេ នៅពេលដែលពួកគេមកដល់។ លោកបន្ថែមថា អ្នកកាន់ទិដ្ឋាការរយៈពេលវែង គឺសំដៅទៅលើជនបរទេសដែលរស់នៅ និងធ្វើការនៅក្នុងប្រទេសហ្វីលីពីន។ ទោះបីជាយ៉ាងនេះក្ដី ការដាក់ពាក្យស្នើរសុំទិដ្ឋាការចូលថ្មីនឹងមិនត្រូវបានអនុញ្ញាតនោះទេ ប៉ុន្តែចំពោះការវិលត្រឡប់របស់ប្រជាជនហ្វីលីពីនចូលក្នុងប្រទេសវិញ នឹងបានផ្ដល់អាទិភាពពិសេសលើជើងហោះហើរក្នុងប្រទេស។

គួរបញ្ជាក់ផងដែរថា ការិយាល័យអន្តោប្រវេសន៍ហ្វីលីពីនបានហាមប្រាម ការចូលរបស់ជនបរទេសក្នុងខែមីនា ដើម្បីទប់ស្កាត់ការឆ្លងជំងឺរាតត្បាត។ ប្រទេសហ្វីលីពីនបានរាយការណ៍ថា មានការឆ្លងចំនួន ៦១,២៦៦ ករណី និងស្លាប់មានចំនួន ១,៦៤៣ ករណី៕

អត្ថបទ៖ នីតា
ប្រភព៖ reuters


