ឥណ្ឌាគ្រោងនឹងបើកជើងហោះហើរអន្តរជាតិជាមួយអាមេរិក​ ខណៈករណីឆ្លងជំងឺ Covid-19 មានច្រើដូចគ្នាក៏ដោយ
ទេសចរណ៍ July 17, 2020 Chan Sreyny

ឥណ្ឌាគ្រោងនឹងបើកជើងហោះហើរអន្តរជាតិតាមរយៈកិច្ចព្រមព្រៀង “air bubbles” ដែលចាប់ផ្តើមនៅថ្ងៃសុក្រ បន្ទាប់ពីមានកិច្ចព្រមព្រៀងទ្វេភាគីជាមួយសហរដ្ឋអាមេរិក បារាំង និងអាឡឺម៉ង់នៅពេលដែលជំងឺ Covid-19 កំពុងរីករាលដាលលើវិស័យអាកាសចរណ៍។

រដ្ឋមន្រ្តីអាកាសចរណ៍ស៊ីវិលលោក Hardeep Singh Puri បានប្រាប់អ្នកយកព័ត៌មាន New Delhi ថាក្រុមហ៊ុន United Airlines នឹងប្រតិបត្តិការជើងហោះហើរចំនួន ១៨ រវាងឥណ្ឌា និងសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ៣១ ខែកក្កដា។ យោងតាមកិច្ចព្រមព្រៀង ដែលបានព្រមព្រៀងជាមួយបារាំងក្រុមហ៊ុនអាកាសចរណ៍ Air France នឹងធ្វើប្រតិបត្តិការចំនួន ២៨ ជើងហោះហើររវាងទីក្រុង Paris និង Delhi, Mumbai និង Bengaluru ពីថ្ងៃទី ១៨ ខែកក្កដា ដល់ថ្ងៃទី ១ ខែសីហា។ លោកបានបន្ថែមថា “air bubbles” គឺជាវិធីដើម្បីបន្តការហោះហើរអន្តរជាតិ រហូតដល់វិស័យអាកាសចរណ៍វិលត្រឡប់មកដូចមុនពេលមាន Covid-19 ។

ទន្ទឹមនឹងនេះ “air bubbles” អនុញ្ញាតឱ្យមានការហោះហើររវាងប្រទេសទាំងពីរ ដែលប្រតិបត្តិការលើ ៣​ ចំណុចគឺ គោលការណ៍តម្រូវការគ្រប់គ្រាន់ ច្បាប់នៃប្រទេសនីមួយៗដែលអនុញ្ញាតឱ្យអ្នកដំណើរ និងក្រុមហ៊ុនអាកាសចរណ៍ព្រមព្រៀងប្រតិបត្តិការជើងហោះហើរ។ លោក Puri បាននិយាយថាក្រុមហ៊ុនអាកាសចរណ៍អាឡឺម៉ង់ Lufthansa ក៏នឹងមានប្រតិបត្តិការហោះហើរផងដែរ ខណៈពេលដែលកិច្ចពិភាក្សាកំពុងបន្តជាមួយចក្រភពអង់គ្លេស ដើម្បីបង្កើត “air bubbles” ។

ការប្រកាសអំពី “air bubbles” នេះមានគោលបំណងក្នុងដោះស្រាយកង្វល់នានា ដែលសហរដ្ឋអាមេរិកបានលើកឡើងអំពី Vande Bharat Mission flights ដោយអះអាងថា វាជាការអនុវត្តមិនយុត្តិធម៌ និងរើសអើងនៃការបើកជើងហោះហើរដែលបង់ប្រាក់ ដើម្បីជម្លៀសជនជាតិឥណ្ឌាដែលជាប់គាំង។ គួរបញ្ជាក់ផងដែរថា “air bubbles” គឺជាមធ្យោបាយមួយសម្រាប់ប្រទេសនានា ក្នុងការគ្រប់គ្រងលើកន្លែងដែលអ្នកដំណើរធ្វើដំណើរ។ ការរៀបចំនេះពឹងផ្អែកលើកត្តាសំខាន់ពីរគឺ ស្ថានភាពនៃការគ្រប់គ្រង Covid-19 នៅក្នុងប្រទេសទាំងពីរ និងការពឹងពាក់គ្នាទៅវិញទៅមករវាងពាណិជ្ជកម្ម និងវប្បធម៌។ ដោយឡែក ចំពោះអ្នកទេសចរនឹងមិនតម្រូវឱ្យធ្វើចតាឡីស័ក្កទាំងពេលទៅ​ និងមកចំពោះគោលដៅរបស់ខ្លួន៕

អត្ថបទ៖​ នីតា
ប្រភព៖ deccanherald