យោងតាមការចេញផ្សាយរបាយការណ៍រួមរបស់អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) និងអង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ស្ដីពីចក្ខុវីស័យរយៈពេលមធ្យមសម្រាប់កសិកម្មដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានព្យាករណ៍ថា ប្រទេសកម្ពុជានឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងទីផ្សារពិភពលោកសម្រាប់ការនាំចេញអង្ករ។
ចេញផ្សាយនៅទីក្រុងរបាយការណ៍ដែលមានរយៈ១០ ឆ្នាំចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៩ នេះបាននិយាយថា៖ « ឥណ្ឌា ថៃ វៀតណាម និងប៉ាគីស្ថាននឹងនៅតែជាអ្នកផ្គត់ផ្គង់អង្ករឈានមុខគេលើពិភពលោក ប៉ុន្តែកម្ពុជា និងមីយ៉ាន់ម៉ាត្រូវបានគេរំពឹងថានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំចេញអង្ករពិភពលោក »។ OECD និង FAO រំពឹងថាការនាំអង្ករចេញពីប្រទេសកម្ពុជា និងមីយ៉ាន់ម៉ានឹងកើនឡើងទ្វេដងពីការប៉ាន់ស្មានចំនួន ៤ លានតោននៅឆ្នាំនេះដល់ ៧ លានតោននៅឆ្នាំ២០២៩ ។

លើសពីនេះរបាយការណ៍បានព្យាករណ៍ថា ប្រទេសកម្ពុជារួមជាមួយប្រទេសបង់ក្លាដែស ឡាវ និងមីយ៉ាន់ម៉ានឹងបន្តបង្កើនផលិតភាពដោយទទួលយកពូជដែលផ្តល់ទិន្នផលខ្ពស់ និងការអនុវត្តកសិកម្មបានល្អប្រសើរ។ ជាមួយគ្នានេះកំណើនសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំក្នុងពាណិជ្ជកម្មស្រូវត្រូវបានគេប៉ាន់ស្មានថាមានចំនួន ២.៨% ក្នុងរយៈពេលនេះ ដោយបរិមាណកើនឡើង ១៥ លានតោនពីឆ្នាំ២០២០ ដល់ ៦២ លានតោននៅឆ្នាំ២០២៩ ។

របាយការដដែលក៏បាននិយាយផងដែរថា ប្រទេសឥណ្ឌាត្រូវបានគេរំពឹងថានឹងនៅតែជាប្រទេសនាំចេញអង្ករធំជាងគេបំផុតនៅលើពិភពលោក ខណៈប្រទេសថៃដែលការនាំចេញភាគច្រើនជាអង្ករមានគុណភាពខ្ពស់រំពឹងថានឹងនៅតែជាប្រទេសនាំចេញអង្ករធំលំដាប់ទី ២ ។ ដោយឡែកប្រទេសវៀតណាមកំណើនសេដ្ឋកិច្ចដែលរំពឹងទុក គឺមានទំនាក់ទំនងមួយផ្នែកទៅនឹងកិច្ចប្រឹងប្រែងដែលកំពុងបន្តដើម្បីធ្វើឱ្យមានភាពចម្រុះនៃការនាំអង្ករចេញរបស់ប្រទេសនេះ។ របាយការណ៍ក៏បានបន្ថែមថា ចំពេលមានការរំពឹងទុកនៃបរិមាណនាំចេញដ៏ធំ ការនាំចេញដោយប្រទេសកម្ពុជា និងមីយ៉ាន់ម៉ាត្រូវបានគេរំពឹងថានឹងបន្តទៅមុខទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន


