សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានក្លាយជា ដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិននៅឆមាសទី១ នៃឆ្នាំនេះដែលមានចំនួន ១៤.៧% នៃទំហំពាណិជ្ជកម្មបរទេសសរុបរបស់ប្រទេសចំពេលមានការ ធ្វើឱ្យប្រសើរនូវពិធីសារតំបន់ពាណិជ្ជកម្មសេរី និងកិច្ចសហប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់។
ពាណិជ្ជកម្មចិនជាមួយអាស៊ានមានចំនួន ២.០៩ ពាន់ពាន់លានយន់ (ប្រហែល ២៩៩ ពាន់លានដុល្លារ) ក្នុងរយៈពេល ៦ ខែដំបូង ពោលគឺកើនឡើង ៥.៦% បើធៀបទៅនឹងឆ្នាំមុន។ ទិន្នន័យពីរដ្ឋបាលគយទូទៅ (GAC) បានបង្ហាញកាលពីថ្ងៃអង្គារ ទី១៤ ខែកក្កដា ថាការនាំចេញទៅកាន់អាស៊ានបានកើនឡើង ៣.៤% ស្មើនឹង ១៦៤ ពាន់លានដុល្លារ ខណៈការនាំចូលបានកើនឡើង ៨.៥% ស្មើនឹង ១៣៤ ពាន់លានដុល្លារ។

ការពង្រីកនេះ ត្រូវបានគាំទ្រដោយការធ្វើពាណិជ្ជកម្មកសិផលជាមួយសមាជិកអាស៊ានក្រោមពិធីសារ ដែលបានធ្វើឱ្យប្រសើរឡើងនៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ដោយបានចូលជាធរមាននៅក្នុងខែតុលា ឆ្នាំ ២០១៩ នេះបើយោងតាមអ្នកនាំពាក្យរបស់ GAC ។ ពាណិជ្ជកម្មកសិផលរវាងភាគីទាំងពីរបានកើនឡើង ១៣.២% នៅក្នុងឆមាសទី១។

លោក Li Kuiwen អ្នកនាំពាក្យរបស់ GAC បានមានប្រសាសន៍ថា ការជំរុញពាណិជ្ជកម្មមួយទៀតរវាងភាគីទាំងពីរ គឺអន្តរទំនាក់ទំនងរវាងការផលិតអេឡិចត្រូនិចរវាងចិន និងបណ្តាប្រទេសដូចជា៖ វៀតណាមម៉ាឡេស៊ី និងសិង្ហបុរីនៅតាមបណ្តាញផ្គត់ផ្គង់ពិភពលោក។ ទន្ទឹមនឹងនេះ ក្នុងរយៈពេលដូចគ្នាពាណិជ្ជកម្មចិនជាមួយវៀតណាម បានកើនឡើង ១៨.១% ដែលជំរុញឱ្យទំហំពាណិជ្ជកម្មទ្វេភាគី ឈានដល់ចំណុចកំពូលក្នុងចំណោមសមាជិកអាស៊ាន ខណៈពាណិជ្ជកម្មជាមួយថៃបានកើនឡើង ៩.២% ៕

អត្ថបទ៖ នីតា
ប្រភព៖ thestar


