កូរ៉ូណាទាញទម្លាក់ប្រជាជនឥណ្ឌូណេស៊ីប្រហែល ១,៦៣ លាននាក់ចូលទៅក្នុងភាពក្រីក្រ ធ្វើឲ្យអត្រាកើនឡើងខ្លាំងក្នុងខែមីនា
សេដ្ឋកិច្ច July 16, 2020 Chan Sreyny

យោងតាមស្ថិតិឥណ្ឌូណេស៊ី (BPS) បានប្រកាសកាលពីថ្ងៃពុធថា ប្រជាជនឥណ្ឌូនេស៊ីប្រហែល ១.៦៣ លាននាក់បានធ្លាក់ចូលក្នុងភាពក្រីក្រកាលពីខែមីនា បើធៀបនឹងខែកញ្ញាឆ្នាំមុន ដោយសារ​ជំងឺរាតត្បាតបង្កឡើងដោយវីរុស Covid-19 ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនក្រីក្រទូទាំងប្រទេស។ អត្រាភាពក្រីក្របានកើនឡើងដល់ ៩.៧៨% នៅក្នុងខែមីនាពី ៩.២២% នៅក្នុងខែកញ្ញា ខណៈដែលប្រជាជនចំនួន ២៦.៤២ លាននាក់កំពុងរស់នៅក្រោមបន្ទាត់ភាពក្រីក្រគិតត្រឹមខែមីនាកន្លងទៅនេះ។

លោក Suhariyanto ប្រធាន BPS បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយថា ការឆ្លងរាលដាលនៃជំងឺឆ្លងវីរុស Covid-19 នេះ កំពុងតែជះឥទ្ធិពលយ៉ាងខ្លាំងដល់សកម្មភាពសេដ្ឋកិច្ចនិងជះឥទ្ធិពលអាក្រក់ដល់ជីវភាពរស់នៅរបស់ប្រជាជនជាពិសេសប្រជាពលរដ្ឋក្រីក្រ។ លោបានបន្តថា ការឡើងថ្លៃស្បៀងអាហារដើរតួយ៉ាងសំខាន់ក្នុងកាជំរុញអត្រាភាពក្រីក្រ ដោយលោកចង្អុលបង្ហាញថា អង្ករគឺជាកត្តាធំបំផុតបន្ទាប់មកគឺ បារី បសុបក្ស និងមីជាដើម។

គួរឲ្យដឹងផងដែរថា ខ្សែបន្ទាត់ភាពក្រីក្រថ្នាក់ជាតិត្រូវបានកំណត់ថាមានចំនួន ២.១ លានរូពី (១៤៥.៨០ ដុល្លារអាមេរិក) ក្នុងមួយគ្រួសារក្នុងមួយខែ ដោយអត្រាភាពក្រីក្រខ្ពស់បំផុតមាននៅ Papua ដែលមាន ២៦.៦% នៃចំនួនប្រជាជនសរុបហើយអត្រាភាពក្រីក្រទាបបំផុតត្រូវបានកត់ត្រានៅកោះបាលី (៣.៧៨%)។ យ៉ាងណាមិញជំងឺរាតត្បាតកំពុងរាលដាលដល់សេដ្ឋកិច្ច ខណៈដែលរដ្ឋាភិបាលរំពឹងថាប្រជាជនចំនួន ៤ លាននាក់នឹងធ្លាក់ក្រោមបន្ទាត់នៃភាពក្រីក្រនៅឆ្នាំនេះ ដែលធ្វើឱ្យប្រជាជនក្រីក្រសរុបចំនួន ២៨ លាននាក់នៅក្នុងប្រទេស ឬប្រហែល ១០.៦% នៃប្រជាជនសរុប។

ជាមួយគ្នានេះប្រជាជនប្រមាណ ៥.៥ លាននាក់អាចនឹងបាត់បង់ការងាររបស់ពួកគេនៅឆ្នាំនេះ ដែលបង្កើនចំនួនអ្នកគ្មានការងារធ្វើសរុបដល់ ១២.៧ លាននាក់ នេះបើយោងតាមការប៉ាន់ស្មានរបស់រដ្ឋមន្រ្តីក្រសួងផែនការជាតិអភិវឌ្ឍន៍ Suharso Monoarfa ថ្មីៗនេះ។ ការខាតបង់ការងារប្រែទៅជាការខាតបង់ក្នុងប្រាក់ចំណូល និងការចំណាយរបស់អ្នកប្រើប្រាស់ខ្សោយ ដែលគំរាមកំហែងដល់សេដ្ឋកិច្ចរបស់ប្រទេស ខណៈជាងពាក់កណ្ដាលនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួនបានមកពីការចំណាយក្នុងគ្រួសារ៕

អត្ថបទ៖ លីនី
ប្រភព៖ thejakartapost