ទូរទស្សន៍ CNN បានរាយការណ៍ថា ប្រទេសបារាំងនឹងចំណាយថវិកាចំនួន ៩ ពាន់លានដុល្លារ ដើម្បីផ្តល់ជូនដល់បុគ្គលិកសុខាភិបាលជាពិសេសអ្នកដែលស្ថិតនៅជួរមុខ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19 ។
យោងតាមសារព័ត៌មាន Independent បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី Jean Castex បាននិយាយថា « ការឧបត្ថម្ភនេះជាប្រវត្តិសាស្ត្រលើកដំបូងសម្រាប់ប្រព័ន្ធសុខាភិបាលរបស់យើង »។ បន្ទាប់ពីការចរចាអស់រយៈពេល ៧ សប្តាហ៍លោក Castex បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Olivier Véran និងមេដឹកនាំសហជីពកាលពីថ្ងៃច័ន្ទ ។

ទូរទស្សន៍ BBC បានរាយការណ៍ថាកិច្ចព្រមព្រៀងនេះ នឹងផ្តល់ឱ្យបុគ្គលិកថែទាំសុខភាពនូវការតម្លើងប្រាក់ខែជាមធ្យម ២០៩ ដុល្លារ។ ថវិកាប្រហែល ៥១២ លានដុល្លារអាមេរិក ពិសេសគឺសម្រាប់គ្រូពេទ្យដែលធ្វើការនៅទីសាធារណៈ ហើយកញ្ចប់ជំនួយហិរញ្ញវត្ថុភាគច្រើនអាចនឹងចំណាយលើគិលានុបដ្ឋាយិកា បុគ្គលិកថែទាំ និងបុគ្គលិកទូទៅនៅក្នុងមន្ទីពេទ្យ។

យ៉ាងណាមិញ ទោះបីជារដ្ឋាភិបាលផ្ដល់ប្រាក់ឧបត្ថម្ភដើម្បីផ្ដល់ជូនក៏ដោយក្ដី ក៏ប្រជាជន និងបុគ្គលិកពេទ្យទាំងនោះសម្ដែងការមិនពេញចិត្ត ដោយលើកយកហេតុផលថាចំនួននេះតិចជាងការទាមទាររបស់ពួកគេ ខណៈពួកគេយល់ឃើញថាប្រាក់ឈ្នួលដែរខ្លួនទទួលបានគួរតែល្អជាងនេះ។ គួរបញ្ជាក់ផងដែរថា ប្រទេសបារាំងបានកត់ត្រាករណីឆ្លងជំងឺ Covid-19 ជាង ២០៩,០០០ ករណីជាមួយនឹងការស្លាប់ជាង ៣០,០០០ នាក់គិតត្រឹមថ្ងៃអង្គារ នេះ៕
អត្ថបទ៖ នីតា
ប្រភព៖ businessinsider


