នាយករដ្ឋមន្រ្តីថៃ អំពាវនាវឲ្យវិនិយោគិនចិនវិលត្រឡប់មកប្រទេសថៃវិញ និងស្នើឱ្យចិនពិចារណាលើការនាំចូលផលិតផលកសិកម្មបន្ថែមទៀត
សេដ្ឋកិច្ច July 15, 2020 Chan Sreyny

លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុធ ចានអូចា កាលពីថ្ងៃអង្គារ កន្លងទៅនេះ បានជំរុញឱ្យវិនិយោគិនចិនវិលត្រឡប់មកប្រទេសថៃវិញ បន្ទាប់ពីស្ថានភាពនៃវីរុស Covid-19 នាពេលបច្ចុប្បន្ននៅក្នុងប្រទេសទាំងពីរនេះបង្ហាញពីសញ្ញាធូរស្បើយ។ តាមរយៈការជំរុញនេះ រដ្ឋាភិបាលបានសន្យាថា នឹងគាំទ្រពួកគេយ៉ាងពេញទំហឹង លើការវិនិយោគនៅក្នុងប្រទេសថៃ។

យោងតាមក្រុមអ្នកនាំពាក្យរដ្ឋាភិបាលបានឲ្យដឹងថា ការអំពាវនាវនេះត្រូវបានធ្វើឡើងក្នុងពេលសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីងកាលពីថ្ងៃអង្គារ ដោយការហៅតាមទូរស័ព្ទនេះបានកត់សម្គាល់ថាជាលើកដំបូង ក្នុងរយៈពេល ៤៥ ឆ្នាំចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតថៃ – ចិន។

ក្រៅពីការជំរុញឱ្យវិនិយោគិនចិនវិលត្រឡប់មកវិញ លោកឧត្តមសេនីយ៍ ប្រាយុធ ក៏បានស្នើឱ្យប្រទេសចិនពិចារណាលើការនាំចូលផលិតផលកសិកម្មបន្ថែមទៀតពីប្រទេសថៃ ដែលជាសំណើដែលប្រធានាធិបតីចិនបានរាយការណ៍ថា បានសន្យាអនុវត្តតាមរយៈយន្តការសហប្រតិបត្តិការពាណិជ្ជកម្មដែលមានស្រាប់។ យ៉ាងណាមិញប្រធានាធិបតីទាំងពីរ បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរួមមាន សេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យាព័ត៌មាន និងវិស័យច្នៃប្រឌិត។

បន្ថែមពីនេះទៅទៀតប្រទេសចិនបានសន្យាថានឹងបង្កើនការគាំទ្ររបស់ខ្លួនចំពោះគោលនយោបាយថៃ ៤.០ របស់រដ្ឋាភិបាលថៃ និងគម្រោងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) ។ ជាកិច្ចឆ្លើយតបឧត្តមសេនីយ៍ប្រាយុធ ក៏បានសន្យាជាមួយលោក ស៊ីផងដែរថា ប្រទេសថៃនឹងបន្តគម្រោងដែលបានផ្អាកដោយសារតែជំងឺរាតត្បាតឆ្លងរាលដាលភ្លាមៗ នៅពេលដែលស្ថានភាពពិភពលោកមានភាពប្រសើរឡើងវិញ៕

អត្ថបទ​៖ លីនី​
ប្រភព៖ bangkokpost