ប្រធានាធិបតីអាមេរិក កំពុងបញ្ចប់ការអនុគ្រោះពាណិជ្ជកម្មជាមួយហុងកុង និងចុះហត្ថលេខាលើច្បាប់ថ្មីដែលអាចនឹងរឹតត្បិតការធ្វើជំនួញ
សេដ្ឋកិច្ច July 15, 2020 Chan Sreyny

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ និងច្បាប់ដើម្បីដាក់សម្ពាធប្រទេសចិនបន្ទាប់ពីការអនុវត្តច្បាប់សន្តិសុខជាតិថ្មីសម្រាប់ហុងកុង។ លោក Trump បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារនៅឯសេតវិមានថា លោកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដើម្បីបញ្ចប់ការអនុគ្រោះសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលសហរដ្ឋអាមេរិកបានផ្តល់ឱ្យហុងកុងអស់រយៈពេលជាច្រើនឆ្នាំ។ គេបារម្ភថាច្បាប់សន្តិសុខជាតិថ្មីរបស់ចិន នឹងរឹតត្បិតការធ្វើជំនួញ និងជីវិតឯកជននៅក្នុងទឹកដីមួយនេះ។

លោក Trump បាននិយាយថា៖ « ឥឡូវនេះហុងកុងនឹងត្រូវបានប្រព្រឹត្តដូចគ្នានឹងចិនដីគោកដែរ ដោយការអនុគ្រោះផ្នែកសេដ្ឋកិច្ច និងការនាំចេញបច្ចេកវិទ្យាទៅកាន់ហុងកុងនឹងមិនត្រូវបានអនុញ្ញាតទៀតទេ »។ ជាមួយគ្នានេះលោក Trump ក៏បានចុះហត្ថលេខាលើច្បាប់ស្តីពីស្វ័យភាពហុងកុងផងដែរ ដោយច្បាប់នេះអនុញ្ញាតឱ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មដូចជា ការបង្កកទ្រព្យសម្បត្តិនៅលើអាជ្ញាធរចិន និងស្ថាប័នហិរញ្ញវត្ថុដែលរួមចំណែកដល់សកម្មភាពរបស់ចិនក្នុងការដកស្វ័យភាពពីហុងកុង។ ខណៈប្រធានាធិបតីអាមេរិករូបនេះបានបញ្ជាក់ថា សកម្មភាពនេះមានគោលបំណងធ្វើឱ្យចិនទទួលខុសត្រូវចំពោះសកម្មភាពគាបសង្កត់របស់ខ្លួនប្រឆាំងនឹងប្រជាជនហុងកុង។

អត្ថបទ៖ លីនី
ប្រភព៖ nhk