កោះរ៉ុង ដែលជាកោះដ៏ល្បីល្បាញមួយក្នុងចំណោមកោះជាច្រើននៃខេត្តព្រះសីហនុ នឹងប្រែប្រួលមុខមាត់ថ្មី ហើយបង្កើនសម្រស់ថែមមួយកម្រិតទៀតតាមរយៈការអភិវឌ្ឍន៍ផ្លូវប្រវែង ៧០ គីឡូម៉ែត្រ។ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា ផ្លូវប្រវែង ៧០ គីឡូម៉ែត្រដែលនឹងចូលរួមចំណែកអភិវឌ្ឍតំបន់ទេសចរណ៍នាពេលអនាគតដ៏ខ្លីខាងមុខ។
កិច្ចព្រមព្រៀងសាងសង់ត្រូវបានចុះហត្ថលេខាកាលម្សិលមិញរវាងក្រុមហ៊ុន Royal Group Koh Rong Development Company និងក្រុមហ៊ុន Sinohydro Corporation Limited ក្រោមវត្តមានអភិបាលខេត្តព្រះសីហនុឯកឧត្តម គួច ចំរើន រួមជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group ដែលជាក្រុមហ៊ុនទទួលបន្ទុកអភិវឌ្ឍន៍កោះរ៉ុង។

បើតាមលោកឧកញ៉ា គិត ម៉េង ការស្ថាបនាផ្លូវនេះនឹងត្រូវអនុវត្តតាមគម្រោងអភិវឌ្ឍន៍ផ្សេងៗដូចជា បណ្តាញអគ្គិសនី កំពង់ផែ និងអាកាសយានដ្ឋាន ដើម្បីប្រែក្លាយកោះរ៉ុងទៅជាតំបន់ទេសចរណ៍មិនត្រឹមទាក់ទាញភ្ញៀវតែមួយមុខប៉ុណ្ណោះ ប៉ុន្តែជាតំបន់សេដ្ឋកិច្ចពហុគោលដៅផងដែរ ដោយការស្ថាបនាផ្លូវបេតុងដែលមានទទឹង ៨ ម៉ែត្រនឹងចំណាយពេលសាងសង់ប្រមាណ ១៦ខែ៕

ប្រភព៖ ក្រសួងព័ត៌មាន


