ចំនួនប្រជាជនលើពិភពលោកនឹងកើនដល់​ ៨.៨ ពាន់លាននាក់នៅឆ្នាំ២១០០ ទាបជាងការរំពឹងទុករបស់ UN ចំនួន ២ ពាន់លាននាក់
សេដ្ឋកិច្ច July 15, 2020 Chan Sreyny

យោងតាមការសិក្សាដ៏ធំមួយដែលបានចេញផ្សាយនាថ្ងៃពុធ ទី១៥ ខែកក្កដា នេះបានបង្ហាញថា ភពផែនដីនឹងមានប្រជាជន ៨.៨ ពាន់លាននាក់ក្នុងឆ្នាំ២១០០ តិចជាងការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិនាពេលបច្ចុប្បន្ននេះចំនួន ២ ពាន់លាននាក់។ ក្រុមអ្នកស្រាវជ្រាវអន្តរជាតិបានរាយការណ៍នៅក្នុងកាសែត The Lancet ថា នៅចុងសតវត្សរ៍ទី ១៨៣ នៃ ១៩៥ ប្រទេសដែលរារាំងការហូរចូលនៃជនអន្តោប្រវេសន៍នឹងធ្លាក់ចុះទាបជាងកម្រិតដែលត្រូវការដើម្បីរក្សាកម្រិតប្រជាជន។

ក្នុងនោះប្រទេសជាង ២០ រួមមាន ជប៉ុន អេស្ប៉ាញ ថៃ ព័រទុយហ្គាល់ កូរ៉េខាងត្បូង និងប៉ូឡូញ នឹងឃើញចំនួនប្រជាជនរបស់ពួកគេមានការថយចុះយ៉ាងហោចណាស់ពាក់កណ្ដាល។ ខណៈប្រទេសចិននឹងធ្លាក់ចុះស្ទើរតែទាំងអស់ពីចំនួន ១.៤ ពាន់លាននាក់សព្វថ្ងៃមកត្រឹម ៧៣០ លាននាក់ក្នុងរយៈពេល ៨០ ឆ្នាំខាងមុខ។ ទន្ទឹមនឹងនេះដែរអនុតំបន់សាហារ៉ា ទ្វីបអាហ្វ្រិកនឹងកើនឡើងទ្វេដងដល់ប្រជាជនប្រមាណ ៣ ពាន់លាននាក់ដោយនីហ្សេរីយ៉ាបានកើនឡើងដល់ជិត ៨០០ លាននាក់នៅឆ្នាំ២១០០ ដែលស្ថិតនៅលំដាប់ទី២ បន្ទាប់ពីប្រទេសឥណ្ឌាចំនួន ១.១ ពាន់លាននាក់។

អ្នកនិពន្ធ Christopher Murray នៃនាយកវិទ្យាស្ថានវាស់វែងសុខភាពបាននិយាយថា ការព្យាករណ៍ទាំងនេះបង្ហាញពីព័ត៌មានល្អសម្រាប់បរិស្ថានដោយមានភាពតានតឹងតិចតួចទៅលើប្រព័ន្ធផលិតកម្មស្បៀងអាហារ និងការបំភាយកាបូនទាបក៏ដូចជាឱកាសសេដ្ឋកិច្ចសំខាន់ៗសម្រាប់ផ្នែកខ្លះនៃអនុតំបន់សាហារ៉ានៃទ្វីបអាហ្វ្រិក។ ទោះជាយ៉ាងណាប្រទេសភាគច្រើននៅក្រៅទ្វីបអាហ្រ្វិកនឹងឃើញការធ្លាក់ចុះនៃកម្លាំងការងារ និងការផ្លាស់ប្តូរចំនួនប្រជាជនដែលនឹងបង្កផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងដល់សេដ្ឋកិច្ច។

ការសិក្សាបានសរុបថា សម្រាប់ប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅក្នុងប្រភេទនេះ ដំណោះស្រាយល្អបំផុតសម្រាប់ការទ្រទ្រង់កម្រិតប្រជាជន និងកំណើនសេដ្ឋកិច្ច គឺគោលនយោបាយអន្តោប្រវេសន៍ដែលអាចបត់បែនបាន និងការគាំទ្រសង្គមសម្រាប់គ្រួសារដែលចង់បានកូន។ លោក Murray ក៏បានក្រើនរំលឹកថា ទោះយ៉ាងណាប្រឈមមុខនឹងការថយចុះចំនួនប្រជាជន វាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ដែលប្រទេសខ្លះអាចពិចារណាលើគោលនយោបាយដែលរឹតត្បិតការទទួលបានសេវាសុខភាពបន្តពូជដោយមានផលវិបាកដែលអាចបង្កអន្តរាយ។

ជាងនេះទៅទៀតការសិក្សាក៏បានបង្ហាញផងដែរថា ប្រជាជន ៨៦៦ លាននាក់នឹងមានអាយុលើស​ពី ៨០ឆ្នាំ ហើយសេរីភាព និងសិទ្ធរបសស្រ្តីស្ថិតក្នុងលំដាប់កំពូលនៃរបៀបវីរៈអភិវឌ្ឍន៍របស់រដ្ឋាភិបាល។ ខណៈសេវាសង្គម និងប្រព័ន្ធថែទាំសុខភាពនឹងចាំបាច់ត្រូវរៀបចំឡើងវិញសម្រាប់ថែទាំប្រជាជនវ័យចំណាស់ច្រើន។ មិនតែប៉ុណ្ណោះការសិក្សាបានរកឃើញថា នៅពេលដែលការបន្តពូជធ្លាក់ចុះ និងអាយុកាលកើនឡើងនៅទូទាំងពិភពលោក ចំនួនកុមារអាយុក្រោម ៥ឆ្នាំ ត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះជាង ៤០% ពី ៦៨១ លាននាក់នៅឆ្នាំ២០១៧ ដល់ ៤០១ លាននាក់ក្នុងឆ្នាំ២១០០ ។

នៅចុងបញ្ចប់នៃវិសាលគមនេះមនុស្ស ២.៣៧ ពាន់លាននាក់ដែលច្រើនជាងមួយភាគបួននៃចំនួនប្រជាជនពិភពលោកនឹងមានអាយុលើសពី ៦៥ ឆ្នាំនាពេលនោះ ហើយអ្នកដែលមានអាយុលើសពី៨០ឆ្នាំ នឹងកើនឡើងពី ១៤០ លាននៅថ្ងៃនេះដល់ ៨៦៦ លាន។ ការធ្លាក់ចុះនៃចំនួន និងសមាមាត្រនៃចំនួនប្រជាជនដែលមានអាយុធ្វើការក៏នឹងបង្កបញ្ហាប្រឈមយ៉ាងខ្លាំងនៅក្នុងប្រទេសជាច្រើនផងដែរ។ ដោយសាស្រ្តាចារ្យនៅឯ IHME កត់សម្គាល់ថា សង្គមនឹងតស៊ូដើម្បីរីកលូតលាស់ជាមួយកម្មករ និងអ្នកបង់ពន្ធតិចតួច។

បន្ថែមពីនេះទៅទៀតការសិក្សាបានព្យាករណ៍ថានៅឆ្នាំ ២០៥០ ផលិតផលក្នុងស្រុកសរុបរបស់ចិននឹងវ៉ាដាច់អាមេរិក ប៉ុន្តែនឹងធ្លាក់មកលំដាប់លេខ២ វិញនៅឆ្នាំ ២១០០។ ដោយឡែកផលិតផលក្នុងស្រុកសរុបរបស់ឥណ្ឌានឹងកើនឡើងឈរនៅលំដាប់លេខ៣ ខណៈដែលជប៉ុន អាល្លឺម៉ង់ បារាំង និងចក្រភពអង់គ្លេសនឹងស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង១០ នៅលើពិភពលោក។ យ៉ាងណាមិញរហូតមកដល់ពេលនេះអង្គការសហប្រជាជាតិដែលព្យាករណ៍ប្រជាជន ៨.៥ ពាន់លាននាក់នៅឆ្នាំ២០៣០ ,៩.៧ ពាន់លាននាក់នៅឆ្នាំ២០៥០ និង១០.៩ ពាន់លាននាក់នៅឆ្នាំ២១០០ ស្ទើរតែទទួលបានការផ្តាច់មុខក្នុងការប៉ាន់ស្មានប្រជាជនពិភពលោកទៅហើយ៕

អត្ថបទ៖ លីនី
ប្រភព៖ CNA