ជប៉ុនអនុម័តថវិកាជាង ២០ លានដុល្លារជាជំនួយបន្ទាន់ សម្រាប់តំបន់រងគ្រោះដោយទឹកជំនន់
សេដ្ឋកិច្ច July 15, 2020 Chan Sreyny

ខុទ្ទកាល័យរបស់នាយករដ្ឋមន្រ្តី Shinzo Abe បានសម្រេចចិត្តកាលពីថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០នេះថា នឹងប្រើប្រាស់ថវិកាចំនួន ២.២ ពាន់លានយ៉េន ( ២០.៥ លានដុល្លារអាមេរិក) ពីមូលនិធិរបស់បម្រុងរបស់ជប៉ុនសម្រាប់ឆ្នាំ២០២០ ដើម្បីគាំទ្រតំបន់ដែលរងគ្រោះដោយទឹកភ្លៀង និងទឹកជំនន់កាលពីដើមខែកន្លងទៅនេះ។

ក្រុមមន្រ្តីបាននិយាយថា​ រដ្ឋាភិបាលនឹងប្រើប្រាស់ប្រាក់បន្ទាន់ ដើម្បីជួយដល់អាជីវកម្មខ្នាតតូច ដែលរងផលប៉ះពាល់ពីគ្រោះមហន្តរាយក៏ដូចជា ឧស្សាហកម្មកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៅក្នុងតំបន់ភាគនិរតីនៃតំបន់ Kyushu ដែលមានមនុស្សជាង ៦០នាក់បានស្លាប់ និងតំបន់ផ្សេងៗទៀតផងដែរ។ ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Taro Aso បានថ្លែងនៅក្នុងសន្និសីទកាសែតបន្ទាប់ពីគណៈរដ្ឋមន្រ្តីបានយល់ព្រមថា ថវិកានឹងត្រូវបានប្រើដើម្បីផ្តល់នូវការផ្គត់ផ្គង់ចាំបាច់សម្រាប់ជីវិត និងជីវភាពរស់នៅរបស់ប្រជាជនដូចជា ទឹក ចំណីអាហារ និងគ្រែ ក្រដាសកាតុងសាងសង់ធ្វើខ្ទមបណ្ដោះអាសន្ន រួមទាំងម៉ាស់ភ្លាមៗ ដោយមិនចាំឲ្យប្រជាជនក្នុងក្រុង ឬ ក្រុងសុំជំនួយបែបនេះទាន់ឡើយ។

គួរម្លឹកផងដែរថា ភ្លៀងបានបក់បោកយ៉ាងខ្លាំងនៅលើកោះ Kyushu និងតំបន់ភាគខាងលិច និងភាគកណ្តាលប្រហែលមួយសប្តាហ៍គិតចាប់ពីថ្ងៃទី០៣ ខែកក្កដាដោយចំនួនអ្នកស្លាប់ទូទាំងប្រទេសមានដល់ ៧០ នាក់គិតត្រឹមថ្ងៃអង្គារនេះ។ ចំពោះគ្រោះមហន្តរាយនេះលោក Shinzo Abe បានណែនាំដល់មន្រ្តីរដ្ឋាភិបាលកាលពីថ្ងៃច័ន្ ទដើម្បីចងក្រងកញ្ចប់ជួយសង្គ្រោះដែលមានតម្លៃជាង ៤០០ ពាន់លានយ៉េននៅចុងខែនេះ សម្រាប់តំបន់ដែលរងការបំផ្លាញបន្ទាប់ពីលោកបានធ្វើទស្សនកិច្ចនៅតំបន់ Kumamoto ក្នុងថ្ងៃតែមួយ។

សរុបជារួមក្រុងចំនួន ៦១ នៅ Kumamoto និងខេត្តចំនួន ៥ ក្នុងចំណោម ៤៦ ផ្សេងទៀតរបស់ប្រទេសទទួលបានអត្ថប្រយោជន៍ពីវិធានការណ៍ជួយសង្គ្រោះដែលរដ្ឋាភិបាលបានអនុវត្តចំពោះគ្រោះមហន្តរាយទ្រង់ទ្រាយធំកាលពីមុនដូចជា ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់នៅភាគខាងលិចប្រទេសជប៉ុនក្នុងឆ្នាំ២០១៨ និងព្យុះទីហ្វុង Hagibis កាលពីឆ្នាំមុន។ ជាមួយគ្នានេះថវិកាដំបូងរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំសារពើពន្ធបានទុក ៥០០ ពាន់លានយ៉េនជាមូលនិធិបម្រុងក្រៅពីមូលនិធិ ១១.៥ ទ្រីលានយ៉េនសម្រាប់វិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតថ្មី ដែលត្រូវបានគ្រោងទុកដោយថវិកាបន្ថែមចំនួនពីររបស់ប្រទេសដែលមានចំនួនជាង ៥០ទ្រីលានយ៉េន សរុបសម្រាប់ឆ្នាំ ២០២០៕

អត្ថបទ៖ លីនី
ប្រភព៖ kyodonews