កម្ពុជា-ឡាវ អាចនឹងបើកច្រកទ្វារព្រំដែនអន្តរជាតិនៅត្រង់ខេត្តរតនៈគិរី ដើម្បីជំរុញកំណើនទេសចរណ៍ និងពាណិជ្ជកម្ម
សេដ្ឋកិច្ច July 14, 2020 Chan Sreyny

អភិបាលខេត្តរតនៈគិរីបានឲ្យដឹងថា រាជរដ្ឋភិបាលកំពុងពិចារណាក្នុងការប្រើប្រាស់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា ឡាវ នៅត្រង់ខេត្តរតនៈគិរី ដើម្បីជំរុញកំណើនទេសចរណ៍ និងពាណិជ្ជកម្ម។ ឯកឧត្តម ថង សាវុធ អភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថា តាំងពីបង្កើតខេត្តរតនៈគិរីមកដល់បច្ចុប្បន្ននេះ ខេត្តមិនទាន់មានផ្លូវ រឺ ច្រកទ្វារណាមួយ ជាមួយនិងប្រទេសឡាវនោះទេក្នុងការដោះដូរទំនិញ ការធ្វើពាណិជ្ជកម្ម និងទេសចរណ៍ ប៉ុន្តែមានតែច្រកទ្វាររបៀងសត្វតែប៉ុណ្ណោះ។

ថ្លែងនៅក្នុងថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី១៣ ខែកក្កដា នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមបានឲ្យដឹងថា បច្ចុប្បន្នរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កំពុងសិក្សាមើលថានិងបើកចក្រណាមួយ ដែលផ្តល់នូវសារៈសំខាន់សម្រាប់ខេត្តទាំងពីរ ដើម្បីជំរុញទំនាក់ទំនងរវាងប្រជាជនប្រទេសទាំងពីរ ទាំងក្នុងការធ្វើដំណើរ និងការធ្វើពាណិជ្ជកម្ម ។

ឯកឧត្តមបន្តថា ប្រសិនជាអាចបើកច្រកទ្វារព្រំដែនជាមួយប្រទេសឡាវ វានិងអាចតភ្ជាប់ច្រកទ្វារនេះជាមួយនឹងផ្លូវជាតិសំខាន់បន្ថែមទៀតទៅក្នុងក្របខ័ណ្ឌគម្រោងអភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍន៍(CLV) ដែលមាន ប្រទេស កម្ពុជា ឡាវ និងវៀតណាម។ សូមបញ្ជាក់ថា ខេត្តរតនៈគិរីមានចម្ងាយពីរាជធានីភ្នំពេញប្រវែង ៥៨៨ គីឡូម៉ែត្រ មានព្រំប្រទល់ខាងលិចជាប់នឹងខេត្តស្ទឹងត្រែង ខាងកើតជាប់នឹងខេត្តយ៉ាឡាយ និងខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយខាងជើងជាប់នឹងខេត្តអត្តពឺ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចំណែកខាងត្បូងវិញជាប់នឹងខេត្តមណ្ឌលគិរី៕

ប្រភព៖ ក្រសួងព័ត៌មាន