សិង្ហបុរីកំពុងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ខណៈដែលផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះជាង ១២% ក្នុងត្រីមាសទី២
សេដ្ឋកិច្ច July 14, 2020 Chan Sreyny

យោងតាមការប៉ាន់ស្មានជាមុនពីក្រសួងពាណិជ្ជកម្ម​ និងឧស្សាហកម្ម (MTI) សិង្ហបុរី នាថ្ងៃទី១៤ ខែកក្កដា នេះបានឲ្យដឹងថា សេដ្ឋកិច្ចរបស់សិង្ហបុរីបានធ្លាក់ចុះ ១២.៦% ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទី២ នេះ។ ការធ្លាក់ចុះនៅក្នុងផលិតផលក្នុងស្រុកសរុប គឺអាក្រក់ជាងការធ្លាក់ចុះដែលអ្នកអ្នកសេដ្ឋកិច្ចបានរំពឹងទុកក្នុងការស្ទង់មតិរបស់ Bloomberg ចំនួន ១១.៣% ហើយក៏អាក្រក់ជាងកាលពីត្រីមាសទី១ ដែរ នៅពេលដែលផលិតផលក្នុងស្រុកសរុប​ប្រែទៅជាអវិជ្ជមានលើកដំបូងក្នុងមួយទសវត្សជាមួយសេដ្ឋកិច្ចធ្លាក់ចុះ ០.៣%។

ប្រភពដដែលក៏បានឲ្យដឹងពីមូលហេតុដែលធ្លាក់ចុះក្នុងផលិតផលក្នុងស្រុកសរុបនេះ គឺបណ្ដាលមកពីវិធានការរឹតបន្តឹងក្នុងការទប់ស្កាត់វីរុស Covid-19 ដែលត្រូវបានអនុវត្តចាប់ពីថ្ងៃទី៧ ខែមេសា ដល់ថ្ងៃទី០១ ខែមិថុនា ដើម្បីបន្ថយការរីករាលដាល ក៏ដូចជាតម្រូវការខាងក្រៅខ្សោយនៅពេលមានវិបត្តិសេដ្ឋកិច្ចពិភពលោក។ ជាក់ស្ដែងសេដ្ឋកិច្ចពីមួយត្រីមាសទៅមួយត្រីមាសបានធ្លាក់ចុះដល់ ៤១.២% ក្នុងរយៈពេល ៣ ខែគិតត្រឹមខែមិថុនា ពោលគឺបានធ្លាក់ចុះក្នុងសេដ្ឋកិច្ចជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៩។

យ៉ាងណាមិញកាលពីខែឧសភាក្រសួងបានព្យាករណ៍ថា ការធ្លាក់ចុះសេដ្ឋកិច្ចមានពី ៧% ទៅ ៤% ដែលធ្វើឱ្យមានការធ្លាក់ចុះសេដ្ឋកិច្ចនាពេលបច្ចុប្បន្នរបស់ប្រទេសសិង្ហបុរី គឹអាក្រក់បំផុតមិនធ្លាប់មានចាប់តាំងពីឯករាជ្យភាពក្នុងឆ្នាំ ១៩៦៥។ ជាក់ស្ដែងការធ្លាក់ចុះប្រចាំត្រីមាសទី២ ត្រូវបានដឹកនាំដោយវិស័យសំណង់ដែលបានធ្លាក់ចុះ ៥៤.៧% ពីមួយឆ្នាំទៅមួយឆ្នាំដែលជាការធ្លាក់ចុះគួរឱ្យកត់សម្គាល់មួយពីការធ្លាក់ចុះ ១.១% នៅក្នុងត្រីមាសទីមួយ។

ជាមួយគ្នានេះលទ្ធផលនៃការផលិតបានចុះខ្សោយដោយសារការរឹតបន្តឹងក្នុងការទប់ស្កាត់វីរុស Covid-19 ដែលបណ្តាលឱ្យបញ្ឈប់សកម្មភាពសំណង់ភាគច្រើនក្នុងអំឡុងពេលនោះ ក៏ដូចជាការរំខានដល់កម្លាំងមនុស្សដែលកើតឡើងពីវិធានការណ៍បន្ថែមដើម្បីទប់ស្កាត់ការរីករាលដាល រួមទាំងការរឹតបន្តឹងចលនានៅអន្តេវាសិកដ្ឋានពលករបរទេសផងដែរ។ ហើយបើប្រៀបធៀបទៅនឹងត្រីមាសទី១ វិស័យសំណង់បានធ្លាក់ចុះ ៩៥.៦% នៅក្នុងត្រីមាសទី២ ដែលអាក្រក់ជាងការធ្លាក់ចុះ ១២.២% ក្នុងរយៈពេល ៣ ខែដំបូង។

បន្ថែមពីនេះឧស្សាហកម្មសេវាកម្មផលិតបានធ្លាក់ចុះ ១៣.៦% ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទី២ ដែលខ្លាំងជាងការធ្លាក់ចុះ ២.៤% នៅក្នុងត្រីមាសមុន។ គួរបញ្ជា់ផងដែរថា ប្រទេសសិង្ហបុរីបានចាប់ផ្តើមបន្ធូរបន្ថយវិធានរឹតបន្តឹងក្នុងការទប់ស្កាត់វីរុស Covid-19 ថ្ងៃទី០១ ខែមិថុនា និងបានឈានចូលដំណាក់កាលទី២ នៃការបើកដំណើរការសេដ្ឋកិច្ចឡើងវិញនៅថ្ងៃទី១៩ ខែមិថុនា ដែលអនុញ្ញាតឱ្យហាងលក់រាយ និងភោជនីយដ្ឋានភាគច្រើនចាប់ផ្តើមដំណើរការអាជីវកម្មឡើងវិញ ខណៈដែលកំពុងសង្កេតមើលវិធានការណ៍ឃ្លាតឆ្ងាយពីសង្គម៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand