រដ្ឋាភិបាលថៃគ្រោងផ្តល់ប្រាក់កម្ចីថ្មីជាង ៣០០០ លានដុល្លារជាមួយលក្ខខណ្ឌងាយៗ ដើម្បីជួយដល់វិស័យទេសចរណ៍ និងសេវាកម្ម
សេដ្ឋកិច្ច July 13, 2020 Chan Sreyny

ថៃ៖ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបានិយាយកាលពីថ្ងៃច័ន្ទនេះថា រដ្ឋាភិបាលគ្រោងផ្ដល់ប្រាក់កម្ចីថ្មីចំនួន ១០០ពាន់លានបាត (ប្រហែល ៣,១៩៣ ពាន់លានដុល្លារ) ដើម្បីជួយសហគ្រាសធុនតូច និងមធ្យមនៅក្នុងវិស័យទេសចរណ៍ និងវិស័យសេវាកម្មដែលរងគ្រោះដោយសារជំងឺរាតត្បាត Covid-19។ លោក Uttama Savanayana បានប្រាប់អ្នកយកព័ត៌មានថា ប្រាក់កម្ចីទាំងនេះនឹងផ្តល់លក្ខខណ្ឌល្អប្រសើរ ជាងគម្រោងប្រាក់កម្ចីចំនួន ៥០០ ពាន់លានបាតរបស់ធនាគារកណ្តាល។

លោកបានបន្តថា ទាំងនេះនឹងកាត់បន្ថយការចំណាយរបស់ប្រតិបត្តិករហើយផ្តល់ឱ្យពួកគេនូវភាពងាយស្រួលដើម្បីរក្សាការងារ ដោយ​គម្រោងផ្ដល់ប្រាក់កម្ចីនេះគួរតែត្រូវបានដាក់ចេញក្នុងពេលឆាប់ៗនេះ។ គួរឲ្យដឹងផងដែរថា ប្រាក់កម្ចីដែលត្រូវបានផ្ដល់ដោយធនាគារសន្សំរដ្ឋាភិបាលនឹងអនុវត្តតាមវិធានការណ៍ផ្តល់ជំនួយផ្សេងៗសម្រាប់សហគ្រាសធុនតូចនិងមធ្យមដែលប្រើប្រាស់ ៨០% នៃកម្លាំងពលកម្មសរុប នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ។

យ៉ាងណាមិញទោះបីប្រទេសថៃមិនបានកត់ត្រាពីកាឆ្លងក្នុងស្រុកអស់រយៈពេលជាងមួយខែក៏ដោយ ផលប៉ះពាល់ជាសកលនៃជំងឺរាតត្បាតបានជះឥទ្ធិពលដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ជាពិសេសវិស័យទេសចរណ៍ជាមួយនឹងការបិទព្រំដែន ដែលធ្វើឱ្យភ្ញៀវទេសចរចេញទៅក្រៅ និងតម្រូវការខ្សោយនៃការធ្វើដំណើរតាមផ្លូវអាកាសអន្តរជាតិនឹងធ្វើឱ្យការងើបឡើងវិញរបស់ខ្លួនយឺត។ ជាមួយគ្នានេះធនាគារកណ្តាលបានឲ្យដឹងថាសេដ្ឋកិច្ចត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះ ៨.១% ក្នុងឆ្នាំនេះ ខណៈចំនួនភ្ញៀវទេសចរបរទេសធ្លាក់ចុះ ៨០% ហើយប្រាក់កម្ចីប្រហែល ២០ ពាន់លានបាតនឹងត្រូវផ្តល់ជូនដល់អ្នកលក់រាយដែលរងផលប៉ះពាល់ពីការផ្ទុះឡើងនេះផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost