យោងតាមការស្ទង់មតិរបស់ក្រុមអ្នកវិភាគ AFP បានឱ្យដឹងថា ប្រទេសចិនបានវិលត្រឡប់ទៅរកកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្នុងត្រីមាសទី ២ បន្ទាប់ពីការរាតត្បាតនៃជំងឺ Covid-19 បានធ្វើឱ្យសេដ្ឋកិច្ចធំបំផុតទី ២ របស់ពិភពលោកធ្លាក់ចុះជាលើកដំបូងក្នុងប៉ុន្មានទសវត្សនេះ។
ការស្ទង់មតិរបស់អ្នកវិភាគមកពីស្ថាប័នចំនួន ១១ បានលើកឡើងពីកំណើនសេដ្ឋកិច្ចរបស់ចិនកើនឡើង ១.៣% បើធៀបទៅនឹង ៦.១% កាលពីឆ្នាំមុន ប៉ុន្តែស្ថិតក្នុងស្ថានភាពប្រសើរជាងបណ្តាប្រទេសផ្សេងទៀត ដែលកំពុងដោះស្រាយបញ្ហាឆ្លងរាលដាលនេះ។ ជំងឺនេះបានលេចមុខជាលើកដំបូងនៅក្នុងខេត្ត Hubei ភាគកណ្តាលនៃប្រទេសចិនកាលពីចុងឆ្នាំមុន ដែលបណ្ដាលឱ្យបិទអាជីវកម្មនៅទូទាំងពិភពលោក និងបានបំផ្លាញការងាររាប់រយលាន។

ទោះបីជាយ៉ាងនេះក្ដី ក្រុមអ្នកវិភាគបានព្យាករណ៍ថា ប្រទេសចិននឹងក្លាយជាប្រទេសសេដ្ឋកិច្ចដ៏ធំតែមួយគត់ ដែលទទួលបានកំណើនវិជ្ជមាននៅឆ្នាំនេះ ដោយសារតែប្រទេសនេះត្រូវបានវាយប្រហារដោយ Covid-19 ដំបូងគេ ដូច្នេះហើយទើបធ្វើឱ្យសេដ្ឋកិច្ចត្រូវងើបឡើងវិញមុនគេដែរ។ យោងតាមសេដ្ឋវិទូនាំមុខរបស់ Oxford Economics លោក Tommy Wu រំពឹងថាប្រទេសចិននឹងបន្តងើបឡើងវិញពីត្រីមាសទី ២ តទៅ ព្រោះលែងត្រូវបានរារាំងដោយការរំខានផ្នែកផ្គត់ផ្គង់ ហើយរោងចក្រនឹងបើកដំណើរការឡើងវិញ។
ដោយឡែកបើតាមលោក Gene Ma ប្រធានស្រាវជ្រាវចិននៅវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិបាននិយាយថា « កត្តាមួយទៀតនៅពីក្រោយការងើបឡើងវិញ គឺសេដ្ឋកិច្ចផ្អែកលើឧស្សាហកម្មរបស់ចិន »។ លោកបានបន្តថា « វិស័យឧស្សាហកម្មអាចងើបឡើងវិញលឿនជាងវិស័យសេវាកម្ម បន្ទាប់ពីការវាយប្រហារដោយជំងឺ » ។ ជាមួយគ្នានេះ ប្រទេសចិនត្រូវបានគេរំពឹងថា នឹងមានកំណើន ១.៧% សម្រាប់រយៈពេលពេញមួយឆ្នាំ នេះបើយោងតាមក្រុមសេដ្ឋវិទូ ដែលបានអង្កេតដោយទីភ្នាក់ងារព័ត៌មានបារាំង AFP បានប្រៀបធៀបជាមួយការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ចំពោះការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលចាំបាច់ត្រូវបិទទ្វារប្រទេសអស់រយៈពេលជាច្រើនខែ ដើម្បីគ្រប់គ្រងជំងឺរាតត្បាតដោយបញ្ឈប់ការងាររោងចក្រ ដែលទុកកម្មករឱ្យនៅផ្ទះ និងកំណត់ការធ្វើដំណើរ។ ប៉ុន្តែសកម្មភាពបានចាប់ផ្តើមដំណើរការឡើងវិញ នៅពេលដែលប្រទេសចិនបានគ្រប់គ្រងការរីករាលដាលនៃជំងឺ និងបានបញ្ចប់ការបិទទ្វារទីក្រុង Hubei និងទីក្រុង Wuhan របស់ខ្លួនកាលពីខែមេសា ៕
អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia


