វៀតណាមរីកមុខមាត់ខ្លាំង ខណៈម៉ូតូអគ្គិសនីរបស់ខ្លួនអាចឈានជើងចូលទីផ្សារប្រទេសចិន និងអឺរ៉ុប
សេដ្ឋកិច្ច July 11, 2020 Chan Sreyny

ដៃគូអន្តរជាតិជាច្រើនចង់សហការជាមួយក្រុមហ៊ុនផលិត PEGA Vietnam ដើម្បីនាំយកម៉ូតូអគ្គិសនី PEGA-S ទៅកាន់ប្រទេសចិន និងអឺរ៉ុប នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុក VNA។ លោក Doan Linh ប្រធាន PEGA វៀតណាមបានមានប្រសាសន៍ថាទោះបីមានការរាតត្បាតដោយវីរុស Covid-19 ក៏ដោយក៏PEGA នៅតែខិតខំប្រឹងប្រែងដើម្បីសម្រេចបាន និងឈានទៅរកទីផ្សាអន្តរជាតិបន្ថែមទៀត ដោយសង្កត់ធ្ងន់ថា នេះជាលើកទី១ មួយហើយដែលផលិតផលបច្ចេកវិទ្យាដូចជាម៉ូតូត្រូវបាននាំចេញទៅប្រទេសចិនដែលត្រូវបានគេចាត់ទុកថាជា ឧស្សាហកម្មផលិតរថយន្តអគ្គិសនី។

លោកបានបន្ថែមថា PEGA បានសហការជាមួយដៃគូផលិតកម្មនិងពាណិជ្ជកម្មមួយចំនួនដើម្បីលក់ PEGA-S នៅអឺរ៉ុបក្នុងគោលបំណងលើកកម្ពស់យីហោវៀតណាមនៅទូទាំងពិភពលោក។ ខណៈ PEGA-S គឺជាម៉ូដែលថ្មី ទំនើប និងចុងក្រោយបំផុតរបស់ក្រុមហ៊ុនត្រូវបានគេណែនាំនៅក្នុងទីផ្សារក្នុងស្រុកកាលពីខែឧសភាក្នុងតម្លៃ ៣២.៩ លានដុង (១,៤១៧ ដុល្លារ) ។

គួរឲ្យដឹងផងដែរថា កាលពីពេលថ្មីៗនេះ PEGA បានចុះហត្ថលេខា លើកិច្ចសន្យានាំចេញម៉ូតូអគ្គិសនីពីរប្រភេទទៅគុយបាបន្ទាប់ពីដៃគូរបស់ខ្លួននៅក្នុងប្រទេសការ៉ាបៀនបានសាកល្បងនិងវាយតម្លៃគុណភាពផលិតផលទាំងមូលដោយជោគជ័យ។ កិច្ចសន្យាទី ១ រួមមានការបញ្ជាទិញម៉ូតូអគ្គិសនី PEGA XMEN ចំនួន ១,២៦០ គ្រឿងដែលមានតម្លៃប្រមាណ ២០ ពាន់លានដុង។

បច្ចុប្បន្នការបញ្ជាទិញនេះត្រូវបានបញ្ចប់ហើយការត្រៀមរៀបចំដើម្បីដឹកជញ្ជូនទៅគុយបា។ កិច្ចព្រមព្រៀងទី២ គឺសម្រាប់ការដឹកជញ្ជូនម៉ូតូអគ្គិសនី PEGA XMEN និង PEGA AURA ជាង ២៥០០ គ្រឿងដែលមានតម្លៃជាង ៤០ ពាន់លានដុងដោយការដឹកជញ្ជូននឹងត្រូវធ្វើឡើងនៅខែសីហា។ PEGA XMEN និង PEGA AURA គឺជាម៉ូតូអគ្គិសនីពេញនិយមពីរប្រភេទដែលមានកម្លាំងម៉ាស៊ីន ១២០០ វ៉ាត់ ហើយម៉ូតូអគ្គិសនីនីមួយៗអាចដឹកមនុស្សបាន ៣ នាក់ និងមានសមត្ថភាពឡើងចំណោតដោយមិនពិបាកឡើយ៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus