ជប៉ុនផ្ដល់ជំនួយជាង ១០០ លានដុល្លារដល់បណ្ដាប្រទេសមេគង្គរួមមានកម្ពុជា បើទោះបីជាខ្លួនកំពុងជួបវិបត្តិធ្ងន់ធ្ងរ
សេដ្ឋកិច្ច July 11, 2020 Chan Sreyny

ជប៉ុននឹងផ្ដល់ជំនួយចំនួន ១០៦ លានដុល្លារអាមេរិកដល់បណ្ដាប្រទេសមេគង្គ ខណៈដែលប្រទេសរបស់ខ្លួនកំពុងជួបទុក្ខលំបាកធ្ងន់ធ្ងរឥតឈប់ចាប់តាំងពីពេលផ្ទុះឡើងនៃវីរុស Covid-19 រហូតមកទល់បច្ចុប្បន្ននេះ។ នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយសហប្រធាន ឯកឧត្តម Pham Binh Minh ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីនៃការបរទេសនៃសាធាររដ្ឋសង្គមនិយម វៀតណាម និងឯកឧត្តម MOTEGI​ Toshimitsu រដ្ឋមន្រ្តីការបរទេសជប៉ុន។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិស្ដីពី លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុនលើកទី១៣ តាមរយៈប្រព័ន្ធវីដេអូនេះ បានឲ្យដឹងថា ប្រទេសជប៉ុនបានបន្តការគាំទ្រនៅក្នុងតំបន់មេគង្គ ដោយផ្ដល់ជំនួយដើម្បីធានាបាននូវប្រព័ន្ធថែទាំសុខភាព ប្រកបដោយប្រសិទ្ធភាព និងភាពរឹងមាំ តាមយៈគំនិតផ្ដួចផ្ដើមចំនួន០២ ក្នុងរង្វង់ទឹកប្រាក់ចំនួនសរុប ១០៥ លានដុល្លារអាមេរិក។

ក្នុងនោះជំនួយដែលមានទឹកប្រាក់ចំនួន ៥៦ លានដុល្លារអាមេរិករបស់ជប៉ុន ត្រូវបានផ្ដល់ដើម្បីប្រើប្រាស់ចំពោះកិច្ចសហប្រតិបត្តិការបច្ចេកទេសសម្រាប់ក្រុមបុគ្គលិកគ្រូពេទ្យ និងផ្ដល់បរិក្ខាវេជ្ជសាស្រ្តជូនមន្ទីរពេទ្យ និងសា្ថប័នវេជ្ជសាស្រ្តដទៃទៀត។ ជាមួយគ្នានេះ ជប៉ុនមានបំណងផ្ដល់ជំនួយបន្ថែមទៀត ដែលមានទឹកប្រាក់ប្រមាណ ៥០ លានដុល្លារអាមេរិក តាមរយៈការផ្ដល់ជំនួយជាបរិក្ខាវេជ្ជសាស្រ្ត ដើម្បីពង្រឹងការត្រៀមខ្លួន និងឆ្លើយតបទៅនឹងជំងឺ និងការបណ្ដុះបណ្ដាលបច្ចេកទេសរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជបុន (JICA) ស្របតាមតម្រូវការរបស់បណ្ដាប្រទេសមេគង្គនីមួយៗ។

លើសពីនេះទៅទៀតតាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដដែល ជប៉ុនបានបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាចិត្តក្នុងការអនុវត្តជំនួយឥតសំណង ក្រោយទទួលបានជោគជ័យលើជំងឺកូវីដ-១៩ សម្រាប់គម្រោងសុវត្ថិភាពប្រជាជនថ្នាក់មូលដ្ឋានឆ្នាំ២០២០ ក្រោមគំននិតផ្ដួចផ្ដើមគូសាណូណិមេគង្គសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលមានទឹកប្រាក់សរុបចំនួន ១ ប៊ីលានយ៉េន ដែលរៀបចំឡើងក្នងគោលទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៅតាមភូមិស្រុក ថ្នាក់មូលដ្ឋានទូទាំងតំបន់មេគង្គ៕​

អត្ថបទ៖ លីនី
ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ