បន្ទាប់ពីពាណិជ្ជកម្មតាមច្រកព្រំដែនធ្លាក់ជិត ១០% រដ្ឋាភិបាលថៃបានជំរុញឱ្យបើកប៉ុស្តិ៍ត្រួតពិនិត្យមួយចំនួនឡើងវិញ
សេដ្ឋកិច្ច July 11, 2020 Chan Sreyny

ថៃ៖ នាយកដ្ឋានពាណិជ្ជកម្មបរទេសបានស្នើសុំឱ្យ រដ្ឋាភិបាលបើកច្រកព្រំដែនចំនួន ៩​ កន្លែងដែលបានបិទដោយសារជំងឹ Covid-19 ដើម្បីធ្វើការផ្លាស់ប្ដូរក្នុងការជំរុញលំហូរនៃទំនិញឡើងវិញ។

អគ្គនាយកនៃគនាយកដ្ឋានពាណិជ្ជកម្មបរទេស លោក Keerati Rushchano បាននិយាយថា ពាណិជ្ជកម្មតាមព្រំដែនចាប់ពីខែមករា ដល់ឧសភា បានធ្លាក់ចុះ ៩.៧១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញសរុបមានចំនួន ៣០៥.៧២ ពាន់លានបាត (ជាង ៩ ពាន់លានដុល្លារ) បានធ្លាក់ចុះ ៩.៣% ខណៈការនាំចូលមានតម្លៃ ២១៨.៦៣២ ពាន់លានបាត (ជិត ៧ ពាន់លានដុល្លារ) ធ្លាក់ចុះ ១០.៦៥%​ ។ អតិរេកពាណិជ្ជកម្ម ដែលទទួលបានមានចំនួន ៨៧.០៩៣ ពាន់លានបាត (ជាង ២ លានដុល្លារ)។ លោកបានបន្ថែមថា ឧបសគ្គចម្បងចំពោះពាណិជ្ជកម្មតាមព្រំដែនគឺ Covid-19 ដែលបានជំរុញឱ្យរដ្ឋាភិបាលបិទប៉ុស្តិ៍ត្រួតពិនិត្យមួយចំនួន។

ប្រទេសម៉ាឡេស៊ី គឺជាដៃគូកំពូលនៅអាស៊ីរបស់ប្រទេសថៃ ក្នុងការធ្វើពាណិជ្ជកម្មតាមព្រំដែនចាប់ពីខែមករា ដល់ខែឧសភា ដោយមានតម្លៃពាណិជ្ជកម្មជិត ៣ ពាន់លានដុល្លារ ធ្លាក់ចុះ ៣២.៤% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ។ ចំណែកប្រទេសឡាវ គឺជាដៃគូរពាណិជ្ជកម្មធំបន្ទាប់ដែរតម្លៃពាណិជ្ជកម្មជាង ២ ពាន់លានដុល្លារធ្លាក់ចុះ ៦.៥៩% ។ ពាណិជ្ជកម្មជាមួយមីយ៉ាន់ម៉ាបានធ្លាក់ចុះ ១០.៩៦% ទោះបីជាពាណិជ្ជកម្មជាមួយកម្ពុជាបានកើនឡើង ៥.២០% ក៏ដោយ។ នៅទូទាំងពិភពលោកប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មកំពូលរបស់ប្រទេសថៃដែលបានកើនឡើង ១៥.៧៤% ភាគរយ។ បន្ទាប់មកទៀត គឺប្រទេសសិង្ហបុរីពាណិជ្ជកម្មកើនឡើង ២០.៨៣% ។

ទន្ទឹមនឹងនេះ លោក Keerati បាននិយាយថានាយកដ្ឋានរបស់លោក បានស្នើសុំឱ្យរដ្ឋាភិបាលបើកច្រកទ្វារព្រំដែនចំនួន ៩ ក្នុងចំណោមច្រក ៦៩ ដែលត្រូវបានបិទសម្រាប់ការចាក់សោរប្រទេស។ គួរបញ្ជាក់ផងដែរថា ប្រទេសថៃមានប៉ុស្តិ៍ត្រួតពិនិត្យសរុបចំនួន ៩៧ ប៉ុន្តែមានតែ ២៨ ប៉ុណ្ណោះ ដែលនៅតែបើកដំណើរការក្នុងអំឡុងពេលមានជំងឺរាតត្បាត៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand