សេដ្ឋកិច្ចរបស់អង់គ្លេសអាចនឹងចំណាយពេលយូរក្នុងការងើបឡើងវិញ បន្ទាប់ពីរងការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដោយជំងឺ Covid-19
សេដ្ឋកិច្ច July 10, 2020 Chan Sreyny

សេដ្ឋកិច្ចរបស់ប្រទេសអង់គ្លេស អាចនឹងចំណាយពេលយូរជាងការរំពឹងទុកក្នុងការងើបឡើងវិញ បន្ទាប់ពីរងការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដោយជំងឺ Covid-19 នេះបើយោងតាមសម្ដីរបស់អ្នកឃ្លាំមើលសេដ្ឋកិច្ច ដែលបានព្យាករណ៍កាលពីពេលថ្មីៗនេះ។

លោកស្រី Helen Dickinson នាយកប្រតិបត្តិនៃក្រុមហ៊ុនលក់រាយចក្រភពអង់គ្លេស មានការព្រួយបារម្ភអំពីស្ថានភាពនាពេលបច្ចុប្បន្ន ពីព្រោះរយៈពេល ២ សប្តាហ៍នៃការបើកដំណើរការរបស់ហាងជាច្រើននៅប្រទេសអង់គ្លេសឡើងវិញក៏ដោយ ប៉ុន្តែមិនស្មើនឹងពាក់កណ្ដាលនៃហាងកាលពីឆ្នាំមុន។ លោកស្រីមានប្រសាសន៍ថា « តាមស្តង់ដារអឺរ៉ុប ការងើបឡើងវិញរបស់ចក្រភពអង់គ្លេសនៅតែមានភាពយឺតយ៉ាវដដែល »។

ទន្ទឹមនឹងនេះ ស្ថិតិផ្លូវការមួយបានបង្ហាញថា GDP របស់អង់គ្លេសបានធ្លាក់ចុះ ២.២% នៅក្នុងត្រីមាសទី១ ដែលជាការធ្លាក់ចុះដ៏អាក្រក់បំផុតក្នុងរយៈពេល ៤១ ឆ្នាំ ហើយសេដ្ឋកិច្ចបានធ្លាក់ចុះ ២០.៤% កាលពីខែមេសា ។ អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍បានព្យាករណ៍ពីការធ្លាក់ចុះ ១១.៥% នៃ GDP នៅចក្រភពអង់គ្លេសក្នុងឆ្នាំ ២០២០ នៅក្នុងសេណារីយ៉ូរលកតែមួយ។ ការដាក់កម្រិតលើកាបិទប្រទេស បាននាំឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងទិន្នផលសេដ្ឋកិច្ច។ អាកាសចរណ៍ ផលិតកម្ម បដិសណ្ឋារកិច្ច ការលក់រាយ និងសំណង់បានរងផលប៉ះពាល់ខ្លាំងបំផុត។

លោក Howard Archer ប្រធានទីប្រឹក្សាសេដ្ឋកិច្ចនៅ EY ITEM Club បាននិយាយថា សេដ្ឋកិច្ចទំនងជាធ្លាក់ចុះប្រហែល ១៧% ពីមួយត្រីមាសទៅមួយត្រីមាស ប៉ុន្តែអាចពង្រីកជិត ១០% នៅក្នុងត្រីមាសទី៣ ។ គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលបានបិទប្រទេសនៅថ្ងៃទី២៣ ខែមីនា ដោយហាមឃាត់ការធ្វើដំណើរដែលមិនចាំបាច់ ហើយក៏បានបិទសាលារៀន និងហាងនានាដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ។ ប៉ុន្តែរដ្ឋាភិបាលបានដកការចាក់សោរជាបណ្តើរៗ ចាប់តាំងពីពាក់កណ្តាលខែឧសភា ដែលអនុញ្ញាតឱ្យអ្នកលក់រាយធម្មតាបើកដំណើរការឡើងវិញ ចាប់តាំងពីខែមិថុនា ចំពោះហាងស្រា បារ និងភោជនីយដ្ឋានចាប់ផ្តើមអាជីវកម្មឡើងវិញកាលពីពេលថ្មីៗនេះ៕

អត្ថបទ៖ នីតា
ប្រភព៖ xinhuanet