សកម្មភាពពាណិជ្ជកម្មនៅតាមច្រកព្រំដែនថៃធ្លាក់ចុះ ៩,៧% នៅក្នុងរយៈពេល ៥ ខែដំបូងក្នុងឆ្នាំ ២០២០
សេដ្ឋកិច្ច July 10, 2020 Khmernote

ថៃ៖ សារព័ត៌មាន bangkokpost បានរាយការណ៍ថា សកម្មភាពពាណិជ្ជកម្មនៅតាមច្រកព្រំដែនថៃសរុបរួមនៅទូទាំងប្រទេសបានធ្លាក់ចុះ ៩,៧​% នៅក្នុងរយៈពេល ៥ ខែដំបូងក្នុងឆ្នាំ ២០២០ នេះ បើធៀបទៅនឹងតួលេខនៅក្នុងឆ្នាំកន្លងទៅ ហើយមូលហេតុដែលជំរុញឲ្យមានការធ្លាក់ចុះដូចនេះគឺព្រោះតែការកើតមានវិបត្តិនៃជំងឺកូវីដ ១៩ ។

បើតាមនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិថៃបានបញ្ជាក់ឲ្យដឹងថា ត្រឹមរយៈពេល ៥ ខែដំបូងនេះសកម្មភាពនៅតាមច្រកព្រំដែនថៃមានទំហំជាទឹកប្រាក់សរុបចំនួន ៥២៤,៣៥ ពាន់លានបាត (ជាង ១៦,៧៦ លានដុល្លារ) ក្នុងនោះការនាំចេញមានតម្លៃ ៣០៥,៧២ ពាន់លានបាត (ជាង ៩,៧៧ ពាន់លានដុល្លារ) ធ្លាក់ចុះ ៩%បើធៀបនឹងឆ្នាំចាស់ និងការនាំចូលមានតម្លៃ​ ២១៨,៦៣ លានបាត (ជាង ៦,៩៨ ពាន់លានដុល្លារ) ធ្លាក់ចុះ ១០,៧% បើធៀបនឹងឆ្នាំចាស់។

សូមបញ្ជាក់ថា ថៃមានសកម្មភាពពាណិជ្ជកម្មតាមច្រកព្រំដែនជាមួយប្រទេសចំនួន ៤ ក្នុងនោះមានដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ខណៈម៉ាឡេស៊ីគឺជាច្រកព្រំដែនដែលមានទំហំពាណិជ្ជកម្មធំជាងគេក្នុងចំណោមប្រទេសទាំង ៤ នេះ។ យ៉ាងណាក្តី ថៃបានបង្ហាញនូវភាពសុទិដ្ឋិនិយមថា អ្វីៗនឹងត្របល់ទៅរកភាពល្អប្រសើរវិញបន្តិចម្តងៗនៅពេលវិបត្តិនៃជំងឺកូវីដ ១៩ ត្រូវបានរលាយបាត់៕

អត្ថបទ៖ ភក្តី

ប្រភព៖ bangkokpost