ការស្ទង់មតិពីរ៉យទ័រ៖ សេដ្ឋកិច្ចជប៉ុននឹងធ្លាក់ចុះក្នុងល្បឿនលឿនបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្ស ដោយសាររោគរាតត្បាត
សេដ្ឋកិច្ច July 10, 2020 Chan Sreyny

យោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារសាព័ត៌មានរ៉យទ័របានបង្ហាញនៅថ្ងៃសុក្រនេះថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុននឹងធ្លាក់ចុះក្នុងល្បឿនលឿនបំផុតមិនធ្លាប់មានអស់ជាច្រើនទសវត្សនៅក្នុងឆ្នាំនេះ រហូតដល់ខែមីនាឆ្នាំ២០២១ (ឆ្នាំសារពើពន្ធ)។ ការធ្លាក់ចុះយ៉ាងគំហុកនេះបានបង្ខំឲ្យរដ្ឋាភិបាលចងក្រងនូវកញ្ចប់ជំរុញសេដ្ឋកិច្ចមួយទៀត​ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺរាតត្បាត។

តាមរយៈការស្ទង់មតិ អ្នកឆ្លើយសំណួរជាច្រើនបានព្យាករណ៍ពីគោលនយោបាយបន្ទាប់របស់ធនាគារជប៉ុន (BOJ) ដើម្បីពង្រីកសកម្មភាពជំរុញប៉ុន្តែពួកគេមិនបានមើលឃើញពីការរីករាលដាលនៃរោគរាតត្បាតដែលបង្កជាវិបត្តិក្នុងវិស័យធនាគារនៅឆ្នាំនេះទេ។

សេដ្ឋកិច្ចជប៉ុនដែលជា សេដ្ឋកិច្ចធំបំផុតទី៣ របស់ពិភពលោកត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះ ៥.៣% ក្នុងឆ្នាំសារពើពន្ធនេះ ហើយបើតាមការស្ទង់មតិពីថ្ងៃទី ៣-៩ ខែកក្កដារបស់អ្នកសេដ្ឋកិច្ចជាង ៣០រូបបង្ហាញថា ភាគច្រើនសេដ្ឋកិច្ចរបស់ប្រទេសនេះបានធ្លាក់ចុះចាប់តាំងពីធ្វើការប្រៀបធៀបទិន្នន័យនៅក្នុងឆ្នាំ ១៩៩៤ មកម្ល៉េះ។

ទោះជាយ៉ាងនេះក្ដីការស្ទង់មតិក៏បានបង្ហាញផងដែរថា សេដ្ឋកិច្ចជប៉ុននឹងស្ទុះងើប ៣.៣ ភាគរយនៅឆ្នាំក្រោយ ដោយសេដ្ឋកិច្ចនឹងកើនឡើងប្រចាំឆ្នាំក្នុងអត្រា ១០.០% ក្នុងត្រីមាសបច្ចុប្បន្ននៃឆ្នាំ២០២០ បន្ទាប់ពីបានធ្លាក់ចុះ ២៣.៩% នៅក្នុងត្រីមាសទី ២ គិតត្រឹមខែមិថុនា។ ទន្ទឹមនឹងនេះលោក Atsushi Takeda ប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវ Itochu បានលើកឡើងថា ជប៉ុននឹងចំណាយពេល ២ ទៅ ៣ ឆ្នាំ សម្រាប់សកម្មភាពសេដ្ឋកិច្ចឲ្យវិលត្រឡប់មករកកម្រិតធម្មតាវិញនៅក្នុងប្រទេសជប៉ុនព្រោះទីផ្សារក្រៅប្រទេសរបស់ខ្លួនទំនងជាបន្តទទួលរងពីការរីករាលដាលនៃមេរោគ Covid-19។

ជាមួយគ្នានេះដែរអ្នកសេដ្ឋកិច្ចចំនួន ២ ភាគ ៣ ដែលបានស្ទង់មតិរំពឹងថា ប្រទេសជប៉ុននឹងចងក្រងកញ្ចប់ជំរុញសេដ្ឋកិច្ចលើកក្រោយរបស់ខ្លួននៅឆ្នាំនេះ ដើម្បីបន្ធូរបន្ថយការឈឺចាប់ដល់ក្រុមហ៊ុន និងគ្រួសារ។ យ៉ាងណាមិញរហូតមកដល់ពេលនេះប្រទេសជប៉ុនបានដាក់ចេញនូវកញ្ចប់ជំរុញសេដ្ឋកិច្ចចំនួន ២ ដែលមានទឹកប្រាក់សរុបចំនួន ២.២ ទ្រីលានដុល្លាអាមេរិក៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia