ឧស្សាហកម្មអាកាសចរណ៍ដែលប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុ ជាមួយនឹងការក្ស័យធនកាន់តែច្រើនឡើងៗ ដោយក្រុមហ៊ុនអាកាសចរណ៍កាន់តែច្រើនមិនអាចជៀសផុតពីការក្ស័យធនបានទេ ព្រោះបំណុលបានកើនឡើងជាលំដាប់ ហើយប្រាក់ចំណូលកើនដែរតែក្នុងកម្រិតតិចតួច និងយឺតបំផុត នេះបើយោងតាម Brendan Sobie អ្នកធ្វើបទអត្ថាធិប្បាយនៃសារព័តមាន CNA ។
ប្រភពដដែលបានឲ្យដឹងថា បើទោះបីជាការធ្លាក់ចុះដល់ចំណុចទាបបំផុតរបស់ឧស្សាហកម្មទេសចរណ៍ពិភពលោកដោយសារចរាចរណ៍របស់អ្នកដំណើរកន្លងផុតទៅក៏ដោយក្ដី ប៉ុន្តែផលប៉ះពាល់ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនពីវីរុស Covid-19 ទើបតែចាប់ផ្ដើមប៉ុណ្ណោះ។ ជាមួយគ្នានេះការក្ស័យធននៃក្រុមហ៊ុនអាកាសចរណ៍ទាំងនោះទំនងជាបន្តកើតមានជាបណ្ដើរៗក្នុងរយៈពេល ២ ឆ្នាំខាងមុខ។ ខណៈចរាចរណ៍អ្នកដំណើរតាមផ្លូវអាកាសលើពិភពលោកបានធ្លាក់ចុះនៅខែមេសា ជាមួយនឹងការធ្លាក់ចុះប្រាក់ចំណូលចំនួន ៩៤.៣% នៃចំនួនអ្នកដំណើរគិតជាភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន ដោយផ្អែកលើទិន្នន័យសមាគមដឹកជញ្ជូនតាមអាកាសអន្តរជាតិ (IATA)។

ជាមួយគ្នានេះនៅក្នុងត្រីមាសទី២ នេះនឹងក្លាយចំណុចទាបទាក់ទងនឹងប្រាក់ចំណេញជាមួយកំណត់ត្រានៃការខាតបង់ ដែលត្រូវបានគេរាយការណ៍ដោយក្រុមហ៊ុនអាកាសចរណ៍មកពីគ្រប់ទិសទីទាំងអស់លើកលែងតែប្រទេសចិនដែលបានធ្លាក់ចុះកាលពីខែកុម្ភៈ។ IATA កំពុងព្យាករអំពីការខាតបង់ចំនួន ៨៤ ពាន់លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២០ ដែលជាលទ្ធផលហិរញ្ញវត្ថុប្រចាំឆ្នាំអាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តអាកាសចរណ៍ ដោយផ្អែកលើប្រាក់ចំណូលមានត្រឹមតែ ៤១៩ ពាន់លានដុល្លារពោលគឺធ្លាក់ចុះ ៥០% ពីឆ្នាំ ២០១៩ ។

ខណៈពេលដែលការខាតបង់គួរតែចាប់ផ្តើមមានកម្រិតមធ្យមនៅក្នុងត្រីមាសទី៣ ដោយសារចរាចរណ៍និងប្រាក់ចំណូលមានភាពប្រសើរឡើងយឺតៗ បន្ទាប់ពីការស្ទុះងើបឡើងវិញនៃទីផ្សារក្នុងស្រុកវាអាចចំណាយពេលយ៉ាងហោចណាស់ ២ឆ្នាំ សម្រាប់ឧស្សាហកម្មនេះវិលត្រឡប់ទៅរកប្រាក់ចំណេញដោយផ្អែកលើពេលវេលានៃការងើបឡើងវិញរបស់ទីផ្សារអន្តរជាតិ។ ក្រុមហ៊ុនអាកាសចរណ៍ភាគច្រើនមិនអាចរកប្រាក់ចំណេញបានទេ បើគ្មានការស្ទុះងើបឡើងវិញពេញលេញនៃការធ្វើដំណើរតាមអាកាសអន្តរជាតិដែលត្រូវបានគេប៉ាន់ស្មានថាមិនអាចនឹងកើតឡើងទាល់តែសោះបើសិនគ្មានវ៉ាក់សាំងការពារ។

ជាមួយគ្នានេះដែរក្រុមហ៊ុនអាកាសចរណ៍នៅគ្រប់ទីកន្លែងប្រឈមមុខនឹងការប្រយុទ្ធដ៏លំបាកមួយដើម្បីរស់រានមានជីវិតយូរអង្វែង ជាមួយនឹងប្រាក់ចំណូលដែលនៅតែមិនគ្រប់គ្រាន់ដើម្បីទូរទាត់លើការចំណាយ។ ហើយសម្ពាធហិរញ្ញវត្ថុនឹងកាន់តែខ្លាំងឡើងនៅពេលដែលការខាតបង់នៅតែបន្ត ដែលបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍ជាច្រើនក្ស័យធន។

ជាក់ស្ដែងក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានដាក់ពាក្យស្នើសុំការការពារក្ស័យធនរួចហើយចាប់តាំងពីការចាប់ផ្តើមរាតត្បាតនៃវីរុស COvid-19 រួមមានក្រុមហ៊ុន Aeromexico, Air Mauritius, Avianca, Comair’s South Africa, LATAM Airlines, Thai Airways និង Virgin Australia បន្ទាប់ពីក្រុមហ៊ុនទាំងអស់នេះបរាជ័យក្នុងការទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលរបស់ពួកគេ ដែលជាកត្តាជំរុញដ៏សំខាន់។ យ៉ាងណាមិញពួកគេរំពឹងថានឹងរួចផុតពីភាពក្ស័យធនហើយអាចរស់រានបន្តប្រតិបត្តិការបាន បន្ទាប់ពីមានការរៀបចំរចនាសម្ព័ន្ធឡើងវិញ៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


