វិបត្តិ Covid-19 បានកាត់បន្ថយការងារប្រជាជនវៀតណាមបន្ថែមទៀត ខណៈការបញ្ជាទិញមានការធ្លាក់ចុះ
សេដ្ឋកិច្ច July 10, 2020 Chan Sreyny

វៀតណាម៖ ការកាត់បន្ថយនៃចំនួនការងារនឹងកើនឡើងនៅក្នុងឆមាសទី២ នៃឆ្នាំនេះ បន្ទាប់ពីការបញ្ជាទិញពីក្រុមហ៊ុនផលិតមានការធ្លាក់ចុះ ដោយសារការរាតត្បាតនៃជំងឺ Covid-19 ។

យោងតាមម្ចាស់់ក្រុមហ៊ុនកែច្នៃឈើនៅ HCMC លោក Thang បាននិយាយថា លោកបានបិទផលិតកម្មសម្រាប់ការនាំចេញចាប់តាំងពីការផ្ទុះឡើងនៃជំងឺ Covid-19 ពីព្រោះមិនមានតម្រូវការនៅបរទេសទេ។ មុនពេលមានជំងឺរាតត្បាតការនាំចេញមានចំនួន ៧០% នៃការបញ្ជាទិញរបស់ក្រុមហ៊ុន។ លោកបានបញ្ឈប់បុគ្គលិក ៦០% ហើយបុគ្គលិកដែលនៅសល់ត្រូវបានរក្សាទុក ដើម្បីបម្រើតម្រូវការក្នុងស្រុកដែលបានធ្លាក់ចុះមុនជំងឺរាតត្បាត។

លោក Nguyen Chanh Phuong អនុប្រធានសមាគមសិប្បកម្ម​ និងឧស្សាហកម្មឈើនៃទីក្រុងហូជីមិញក៏បាននិយាយដែរថា ក្រុមហ៊ុនផលិតឈើភាគច្រើននៅក្នុង HCMC បានកាត់បន្ថយបុគ្គលិករបស់ខ្លួន ២០% ទៅ ៣០% ។ ចាប់តាំងពីខែមេសា មកអ្នកទិញដែលមកពីទីផ្សារនាំចេញសំខាន់ៗដូចជា៖ ​​​​សហរដ្ឋអាមេរិក ជប៉ុន និងសហភាពអ៉ឺរ៉ុប បានលុបចោល ឬពន្យារពេលនៃការបញ្ជាទិញរបស់ពួកគេ ដូច្នេះហើយទើបបណ្ដាលឱ្យការផលិតគ្រឿងសង្ហារឹមលំដាប់ខ្ពស់ភាគច្រើនត្រូវបានផ្អាក។

លោក Pham Xuan Hong ប្រធានសមាគមសម្លៀកបំពាក់ វាយនភណ្ឌ ប៉ាក់ និងប៉ាក់សម្លៀកបំពាក់នៅទីក្រុងហូជីមិញបានឱ្យដឹងថា ជាមួយនឹងការបញ្ជាទិញធ្លាក់ចុះ ៥០% ក្រុមហ៊ុនក៏បានបញ្ឈប់បុគ្គលិករបស់ខ្លួនពី ២៥% ទៅ ៣០% ហើយអាចនឹងកើនឡើងដល់ ៤០% នៅចុងឆ្នាំនេះ។ លោកបានបន្ថែមថា ក្រុមហ៊ុនផលិតមួយចំនួនបានប្តូរទៅផលិតម៉ាស់ ដើម្បីបង្កើនប្រាក់ចំណូល ប៉ុន្តែការលក់មិនបានឈានដល់គោលដៅដែលបានកំណត់ទេ ដោយសារតែការបញ្ជាទិញធ្លាក់ចុះស្របពេលការផ្គត់ផ្គង់ទីផ្សារកើនឡើង។

ទន្ទឹមនឹងនេះ នៅក្នុងឧស្សាហកម្មអាហារសមុទ្របានបញ្ឈប់បុគ្គលិកប្រហែល ២០% ហើយក្រុមហ៊ុនជាច្រើនក៏បានរាយការណ៍អំពីការធ្លាក់ចុះប្រាក់ចំណូល។ គួរបញ្ជាក់ផងដែរថា ពាណិជ្ជកម្មរបស់វៀតណាមក្នុងរយៈពេល ៦ ខែដំបូងបានធ្លាក់ចុះ ២.១%​ បើធៀបទៅនឹងឆ្នាំមុន ដោយការនាំចេញបានធ្លាក់ចុះ ១.១% និងការនាំចូល ៣% ៕

អត្ថបទ៖​ នីតា
ប្រភព៖ vnexpress