ឥណ្ឌូនេស៊ី នឹងទទួលបានអត្ថប្រយោជន៍ពីការធ្វើពិពិធកម្មនៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ខណៈដែលក្រុមហ៊ុនពហុជាតិកំពុងស្វែងរកមធ្យោបាយ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ដើម្បីផលិតការផ្គត់ផ្គង់របស់ពួកគេបន្ទាប់ពីការផ្ទុះឡើងនៃជំងឺ Covid-19 នេះបើយោងតាមធនាគារធំបំផុតនៅអាស៊ីអាគ្នេយ៍ DBS បាននិយាយកាលពីពេលថ្មីៗនេះ។
លោក John Laurens ប្រធានផ្នែកប្រតិបត្តិការជំនួញពិភពលោក បានពន្យល់នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃច័ន្ទ ថាការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់សំខាន់ៗ ទៅក្នុងបណ្តាប្រទេសអាស៊ាន នឹងក្លាយជាផ្នែកមួយនៃដំណើរការថ្មីសម្រាប់អាជីវកម្ម។ លោក Laurens បានមានប្រសាសន៍ថា « ការធ្វើពិពិធកម្ម នឹងបន្តនៅក្នុងទីផ្សារដូចជា៖ ប្រទេសវៀតណាមបង់ក្លាដែស ឥណ្ឌា និងឥណ្ឌូនេស៊ី ហើយប្រទេសទាំងនេះនឹងទទួលបានអត្ថប្រយោជន៍ពីការធ្វើពិពិធកម្មនេះ »។

ជំងឺរាតត្បាត បានរំខានដល់សង្វាក់ផ្គត់ផ្គង់ពិភពលោកយ៉ាងធ្ងន់ធ្ងរ ដោយអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានប៉ាន់ស្មានថាពាណិជ្ជកម្មពិភពលោកនឹងធ្លាក់ចុះ ១៨.៥% បើធៀបទៅនឹងឆ្នាំមុននៅក្នុងត្រីមាសទី ២ នេះ។ ជាមួយគ្នានេះដែរ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថាទំហំពាណិជ្ជកម្មទំនិញ និងសេវាកម្មនឹងធ្លាក់ចុះ ១២% ក្នុងឆ្នាំ ២០២០ ។

ការរីករាលដាលនៃជំងឺរាតត្បា បានធ្វើឱ្យក្រុមហ៊ុនមួយចំនួនចោទសួរ អំពីការពឹងផ្អែកយ៉ាងខ្លាំងរបស់ពួកគេទៅលើប្រទេសចិន ខណៈពេលដែលសង្គ្រាមពាណិជ្ជកម្មរបស់ចិនជាមួយសហរដ្ឋអាមេរិក កំពុងបន្តបានធ្វើឱ្យឧស្សាហកម្មនេះមានបន្ទុកពន្ធបន្ថែមផងដែរ។ ទន្ទឹមនឹងនេះ ប្រទេសឥណ្ឌូនេស៊ីបានចាត់វិធានការដើម្បីទាញយកប្រយោជន៍ពីស្ថានការណ៍នេះ ដោយរដ្ឋាភិបាលបានបង្កើតក្រុមការងារពិសេស ដើម្បីទាក់ទាញអាជីវកម្មចេញពីប្រទេសចិន និងជួយសម្រួលដល់ការផ្លាស់ប្តូរទីតាំងរបស់ពួកគេទៅកាន់ប្រទេសឥណ្ឌូនេស៊ី។

ជាក់ស្ដែងកាលពីថ្ងៃទី៣០ ខែមិថុនា លោកប្រធានាធិបតី Joko Widodo បានប្រកាសថាក្រុមហ៊ុនបរទេសចំនួន ៧ បានបញ្ជាក់ពីផែនការផ្លាស់ប្តូរទីតាំងផលិតកម្ម ដែលភាគច្រើនមកពីប្រទេសចិនទៅកាន់ប្រទេសឥណ្ឌូនេស៊ី។ លោកបានបន្ថែមថា ក្រុមហ៊ុន ១៧ ទៀតកំពុងស្វែងរកការទីតាំងនានានៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ការផ្លាស់ប្តូរទីលំនៅរបស់ក្រុមហ៊ុនទាំង ៧ គ្រោងនឹង នាំប្រាក់ចំនួន ៨៥០ លានដុល្លារទៅឥណ្ឌូនេស៊ី ខណៈពេលដែលមានការជួលកម្មករប្រហែល ៣ ម៉ឺននាក់ ដោយផ្អែកលើការប៉ាន់ស្មានរបស់ក្រុមប្រឹក្សាសម្របសម្រួលវិនិយោគ (BKPM)៕

អត្ថបទ៖ នីតា
ប្រភព៖ thejakartapost


