ទោះបីជាវិបត្តិកូវីដ-១៩ បានវាយប្រហារមកលើសេដ្ឋកិច្ចកម្ពុជាខ្លាំងយ៉ាងណាក្ដី ក៏ការនាំចេញរបស់កម្ពុជាក្នុងរយៈពេល ៥ខែ ដំបូងនៃឆ្នាំ២០២០ នេះ នៅមានភាពវិជ្ជមាននៅឡើយ។ ការអះអាងនេះត្រូវបានលើកឡើងដោយមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដម វង្សី វិស្សុត កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីវិធានការរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ នាពេល កន្លង មកក្នុងការឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ–១៩។
នាឱកាសនោះ ឯកឧត្ដម បានថ្លែងថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២០នេះ វិស័យកាត់ ដេរកម្ពុជា មានការធ្លាក់ចុះខ្លាំងដោយហេតុថា ទីផ្សារអឺរ៉ុប និងអាមេរិកមួយចំនួនបានផ្អាកការបញ្ជាទិញសិនព្រោះតែវិបត្តិកូវីដ–១៩។ ប៉ុន្តែបើយើងមើលវត្ថុផ្សេងទៀតដែលយើងនាំចេញ យើហអត់ទាន់ធ្លាក់នៅឡើយទេ ឧទាហរណ៍ ទំនិញកសិកម្មទំនិញមិន មែន កាត់ ដេរដូចជាកង់ អេឡិចត្រូនិកគឺវាកើន។ ជាក់ស្ដែងក្នុងរយៈពេលក្នុងរយៈពេល ៥ខែដំបូងនេះ ការនាំចេញ របស់យើងធៀបនឹងឆ្នាំទៅ មិនទាន់អវិជ្ជមាននោះទេនៅបូកនៅឡើយ។

គួរបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ការនាំចេញទំនិញរបស់កម្ពុជាទៅគ្រប់ទ្វីបក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងរយៈពេល១០ខែ កាលពីឆ្នាំ២០១៩ មានទំហំទឹកប្រាក់ជាងមួយម៉ឺនលានដុល្លារ (១០៨១៣ លានដុល្លារ) ខណៈដែលចំនួននេះបានកើនឡើង ៦.៤៥% បើធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨៕

ប្រភព៖ ក្រសួងព័ត៌មាន


