អាជ្ញាធរទេសចរណ៍ថៃ (TAT) បានព្យាករណ៍ថា ចំនួនភ្ញៀវទេសចរក្នុងឆ្នាំនេះអាចនឹងធ្លាក់ចុះដល់ ៨០% ឬ ៨.២ លាននាក់ ដែលបានធ្វើឱ្យប្រាក់ចំណូលធ្លាក់ចុះដល់ ៣៩៦ ពាន់លានបាត (ជាង ១២ ពាន់លានដុល្លារ)។
ការព្យាករណ៍ចុងក្រោយដែលចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា គឺផ្អែកលើស្ថានភាពបច្ចុប្បន្ន ដែលប្រទេសថៃបានទទួលភ្ញៀវទេសចរចំនួន ៦.៧ លាននាក់ចាប់ពីខែមករា ដល់ខែមីនា។ ចាប់ពីថ្ងៃទី៣ ខែមេសា ដល់ថ្ងៃទី៣០ ខែមិថុនា មិនមានការមកដល់នៃភ្ញៀវអន្តរជាតិនោះទេ ខណៈពេលដែលអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បានដាក់បម្រាមលើការហោះហើរ។ ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍ថៃភាគច្រើនត្រូវបានរំពឹងថា នឹងចាប់ផ្តើមបើកឡើងវិញតំបូងបំផុតនៅខែសីហា ។

លោក Yuthasak Supasorn អភិបាល TAT បាននិយាយថា ការព្យាករណ៍នេះធ្វើឡើងបន្ទាប់ពីការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្ដរជាតិថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោកនឹងធ្លាក់ចុះ ៤.៩% នៅឆ្នាំនេះ ដែលទាបជាងការព្យាករណ៍ពីមុនថានឹងមានការធ្លាក់ចុះត្រឹម ៣% ។ ទន្ទឹមនឹងនេះ បន្ទាប់ពីកត់ត្រានៃចំនួនដែលគ្មានភ្ញៀវទេសចរមកដល់ និងគ្មានប្រាក់ចំណូលពីភ្ញៀវទេសចរអន្តរជាតិក្នុងត្រីមាសទី២ នេះថៃអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៣០ ម៉ឺននាក់ក្នុងត្រីមាសទី៣ ធ្លាក់ចុះ ៩៦% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលបានប្រាក់ចំណូល ១២.៤ (ជិត ៤០ លានដុល្លារ) ធ្លាក់ចុះ ៩៧% បើធៀបនឹងឆ្នាំមុន៕

អត្ថបទ៖ នីតា
ប្រភព៖ bangkokpost


