នាពេលថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានយល់ព្រមផ្ដល់ប្រាក់កម្ចីចំនួន ២៥០ លានដុល្លារដើម្បីជួយរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបទៅនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដោយពង្រឹងប្រព័ន្ធថែទាំសុខភាពរបស់ប្រទេស និងបង្កើនជំនួយសង្គមដល់ជនក្រីក្រដែលងាយរងគ្រោះ និងផ្តល់នូវការជម្រុញសេដ្ឋកិច្ចដល់អាជីវកម្ម។
ប្រទេសកម្ពុជាងាយទទួលរងផលប៉ះពាល់ដោយជំងឺ Covid-19 ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានរំពឹងថានឹងធ្លាក់ចុះត្រឹម ៥.៥% ក្នុងឆ្នាំ ២០២០ ធ្វើឱ្យប្រជាជន ១.៣ លាននាក់ទៀតកំពុងប្រឈមនឹងការធ្លាក់ចូលក្នុងភាពក្រីក្រ។

ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីលោក Masa Asakawa មានប្រសាសន៍ថា « ជំងឺ Covid-19 បានគម្រាមកំហែងដល់វឌ្ឍនភាពក្នុងការកាត់បន្ថយភាពក្រីក្រ ជាពិសេសក្នុងចំណោមប្រជាជនដែលងាយរងគ្រោះដូចជា ស្ត្រី និងពលករចំណាកស្រុកជាដើម។ ប្រាក់កម្ចីនេះគឺជាផ្នែកមួយនៃផែនការចូលរួមរយៈពេលវែងរបស់ធនាគារអភិវឌ្ឍន៍អាស៊ីដែលផ្តោតលើការគាំទ្រដល់ការស្តារសេដ្ឋកិច្ចនិងនិរន្តរភាពសារពើពន្ធរបស់ប្រទេសកម្ពុជា »។
សូមបញ្ជាក់ផងដែរថា ADB នឹងផ្ដល់ប្រាក់កម្ចីតាមរយៈកម្មវិធីជំនួយ និងការឆ្លើយតបចំពោះការចំណាយសម្រាប់ជំងឺ Covid-19 (CARES) ។ កម្មវិធី (CARES) ត្រូវបានបង្កើតឡើងដោយមានការសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ដទៃទៀត និងពង្រឹងការគាំទ្ររបស់ ADB ដែលកំពុងដំណើរការ ដើម្បីទទួលបានឧបករណ៍ត្រួតពិនិត្យសីតុណ្ហភាព សម្រាប់ប៉ុស្តិ៍ត្រួតពិនិត្យអន្តរជាតិ និងធានាឱ្យមានការធ្វើបច្ចុប្បន្នភាពជាប្រចាំ នៅលើគេហទំព័ររបស់ក្រសួងសុខាភិបាលដែលមានរបាយការណ៍ឃ្លាំមើលប្រចាំថ្ងៃនៃជំងឺ Covid-19 ។ វាគឺជាផ្នែកមួយនៃគម្រោងវិនិយោគ និងជំនួយបច្ចេកទេសរួមគ្នា ក្នុងយុទ្ធសាស្ត្រភាពជាដៃគូរបស់ ADB សម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៩-២០២៣ ហើយនឹងគាំទ្រ ដល់ការស្តារឡើងវិញក្រោយជំងឺ Covid-19 ត្រូវបានគ្រប់គ្រង៕
អត្ថបទ៖ នីតា
ប្រភព៖ adb


