ថៃ៖ គណៈរដ្ឋមន្រ្តីកាលពីថ្ងៃពុធបានអនុម័តសំណើរដើម្បីចុះហត្ថលេខាលើពិធីសារស្ដីពីការដាក់ឲ្យនៅដាច់ដោយឡែក និងត្រួតពិនិត្យផ្លែឈើដែលនាំចេញ និងនាំចូលតាមរយៈប្រទេសទី៣ (វៀតណាម) រវាងប្រទេសថៃ និងចិនក្នុងគោលបំណងបង្កើនការដឹកជញ្ជូនផ្លែឈើទ្វេភាគី។ បើតាមអ្នកនាំពាក្យរងរដ្ឋាភិបាលលោកស្រី Rachada Dhnadirek បានឲ្យដឹងថា ពិធីសារនេះនឹងអនុញ្ញាតឱ្យប្រទេសថៃនាំចេញផ្លែឈើតាមរយៈច្រកព្រំដែនជាច្រើនទៀតនៅក្នុងប្រទេសចិន ហើយអ្នកនាំចេញថៃអាចប្រើផ្លូវដឹកជញ្ជូនដើម្បីដោះស្រាយបញ្ហា និងសម្រួលដល់ការដឹកជញ្ជូន។
លោកស្រីបានបន្តថា ពិធីសារនេះនឹងត្រូវចុះហត្ថលេខាជាផ្លូវការដោយក្រសួងកសិកម្ម និងសហករណ៍ថៃ ជាមួយរដ្ឋបាលគយចិន (GACC) បន្ទាប់ពីជំងឺរាតត្បាតបានធូរស្បើយ។ ដោយប្រទេសថៃអាចនាំចេញផ្លែឈើឆ្លងកាត់ច្រកព្រំដែនចំនួន ៤ គឺ Mohan, Youyi Guan, Dongxing និងច្រកទ្វារព្រំដែន Pingxiang។ គួរម្លឹកផងដែរថាប្រទេសចិនបានបើកជាផ្លូវការនូវច្រកព្រំដែនចំនួនពីរសម្រាប់ការដឹកជញ្ជូនផ្លែឈើរបស់ថៃនៅចុងខែមេសា បន្ទាប់ពីនាយកដ្ឋានកសិកម្មថៃ និងការិយាល័យទំនិញកសិកម្មជាតិ រួមទាំងការិយាល័យស្តង់ដាកសិកម្មបានជួបពិភាក្សាជាមួយ GACC ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាចរាចរណ៍តាមព្រំដែន។

ជាមួយគ្នានេះរោគរាតត្បាតបាន បង្ខំឲ្យឱ្យមានការបិទច្រកព្រំដែនចិន – វៀតណាមនៅ Guangxi ដែលបណ្ដាលឲ្យរថយន្តដឹកផ្លែឈើរួមទាំងទំនិញពីប្រទេសថៃបង្វែរទិសដៅទៅច្រកទ្វារ Youyi Guan។ បើតាមសេចក្ដីរាយការណ៍ការបិទព្រំដែននេះ បង្កឲ្យមានការកកស្ទះយ៉ាងខ្លាំង បំផ្លាញដល់គុណភាពផ្លែឈើ ខណៈផ្លែទុរេនបានទុំមុនពេលនាំចូល និងដាក់លក់នៅក្នុងប្រទេសចិន។

គួរបញ្ជាក់ផងដែរថា យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថាចិនបានទិញ ៥៧.១% នៃការដឹកជញ្ជូនផ្លែឈើស្រស់ កក និងស្ងួតរបស់ថៃកាលពីឆ្នាំមុនដែលបង្កើតបានប្រាក់ចំណូល ៦៤.៥ ពាន់លានបាត។ ទន្ទឹមនឹងនេះសមាគមពាណិជ្ជករនិងនាំចេញផ្លែឈើស្រស់របស់ថៃព្យាករណ៍ថា តម្លៃនាំចេញផ្លែឈើនឹងកើនឡើងយ៉ាងហោច ១០% នៅឆ្នាំនេះពីចំនួន ១១៣ ពាន់លានបាតកាលពីឆ្នាំមុន ខណៈតម្រូវការអន្តរជាតិរួមទាំងពីប្រទេសចិននៅតែខ្លាំងបើទោះបីជាមានការផ្ទុះឡើងនៃវីរុសក៏ដោយ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


