ធនាគារពិភពលោក៖ កម្មករថៃ ៨.៣ លាននាក់នឹងបាត់បង់ការងារ ឬ ប្រាក់ចំណូលក្នុងឆ្នាំ២០២០ ខណៈជិត ១០ លាននាក់ត្រៀមធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច
សេដ្ឋកិច្ច July 7, 2020 Chan Sreyny

ធនាគារពិភពលោកដែលហៅកាត់ថា WB កាលពីពេលថ្មីៗនេះឲ្យដឹងថា ដោយសារវីរុសកូវីដ-១៩ កម្មករប្រមាណ ៨.៣ លាននាក់នៅក្នុងប្រទេសថៃអាចនឹងបាត់បង់ការងារ ឬ ប្រាក់ចំណូល ហើយចំនួនប្រជាជនដែលត្រៀមធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចមានដល់ទៅ ៩.៧ លាននាក់។ សេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបានគេរំពឹងថា នឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ​ដោយជំងឺរាត​ត្បាត Covid-19 ដែលនឹងធ្លាក់ចុះយ៉ាងតិច ៥% នៅឆ្នាំ២០២០ និងចំណាយពេលជាង ២ឆ្នាំ ដើម្បីវិលត្រឡប់​ទៅរកកម្រិត GDP មុនពេលផ្ទុះឡើងវីរុស Covid-19 វិញ។

យោងតាមការឃ្លាំមើលសេដ្ឋកិច្ចថៃចុងក្រោយរបស់ធនាគារពិភពលោកកាលពពេលថ្មីៗនេះ បានឲ្យដឹងថា កម្មករប្រមាណ ៨.៣ លាននាក់នឹងបាត់បង់ការងារ ឬ ប្រាក់ចំណូល ដោយសារវីរុស Covid-19។ មិនតែប៉ុណ្ណោះបានធ្វើឲ្យការងារជាច្រើននៅក្នុងជាពិសេសការងារដែលទាក់ទងនឹងទេសចរណ៍ និងសេវាកម្មស្ថិតក្នុងហានិភ័យ។

ជាមួយគ្នានេះប្រជាជនប្រមាណ ៩.៧ លាននាក់អាចនឹងប្រឈមនឹងការធ្លាក់ចូលវិបត្តិសេដ្ឋកិច្ច ដោយរបាយការណ៍បានរកឃើញថា ចំនួនអសន្ដិសុខខាងសេដ្ឋកិច្ច ឬអ្នកដែលរស់នៅទទួលបានចំណូលក្រោម ៥.៥ ដុល្លារក្នុងមួយថ្ងៃ ត្រូវបានគេព្យាករណ៍ថានឹងកើនឡើងទ្វេដងពី ៤.៧ លាននាក់នៅក្នុងត្រីមាសទី១ ដល់ ៩.៧ លាននាក់នៅត្រីមាសទី ២ នៃឆ្នាំ ២០២០។

ដោយឡែកផលប៉ះពាល់លើសេដ្ឋកិច្ចរបស់ប្រទេសថៃកាន់តែធ្ងន់ធ្ងរ បើទោះបីជាប្រទេសអាស៊ីអាគ្នេយ៍មួយនេះទទួលបានជោគជ័យក្នុងកាទប់ស្កាត់នៃការឆ្លងវីរុស Covid-19 ក្នុងរយៈពេល ៣ ខែចុងក្រោយនេះក៏ដោយ។ ជាក់ស្ដែងវិស័យទេសចរណ៍ដែលមានចំនួន​ជិត ១៥% នៃផលិតផលក្នុងស្រុកសរុបបានរងផលប៉ះពាល់យ៉ាងខ្លាំង ជាមួយនឹងការបញ្ឈប់ការមកដល់នៃទេសចរអន្តរជាតិចាប់តាំងពីខែមីនាឆ្នាំ ២០២០។

ចំនែកការនាំចេញត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ ៦.៣% នៅឆ្នាំ២០២០ ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងប្រចាំត្រីមាសក្នុងរយៈពេល ៥ឆ្នាំមកនេះ ដោយសារតែតម្រូវការទំនិញថៃនៅក្រៅប្រទេសនៅតែចុះខ្សោយ បន្ទាប់ពីតម្រូវការលើពិភពលោកធ្លាក់ចុះ។ ការប្រើប្រាស់របស់គ្រួសារត្រូវបានគេព្យាករថានឹងធ្លាក់ចុះ ៣.២% ដោយសារការរឹតត្បិតចលនា និងការថយចុះប្រាក់ចំណូល ដែលកំណត់ការចំណាយរបស់អ្នកប្រើប្រាស់ជាពិសេសនៅត្រីមាសទី២ ឆ្នាំ ២០២០ ។

យ៉ាងណាមិញសេដ្ឋកិច្ចថៃត្រូវបានគេរំពឹងថា នឹងត្រឡប់ទៅរកកំណើនមុននៅឆ្នាំ២០២២ ដោយនៅពេលប្រទេសថៃចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតលើការចល័ត ការប្រើប្រាស់ក្នុងស្រុកដែលជាកត្តាជំរុញខ្លាំងបំផុតរបស់ប្រទេសថៃអាចនឹងកើនឡើងនៅពាក់កណ្តាលឆ្នាំ២០២០ និងនៅឆ្នាំ២០២១ ប៉ុន្តែការងើបឡើងវិញនៃសេដ្ឋកិច្ចនឹងមានជាបណ្តើរៗ និងមិនប្រាកដប្រជា។

បន្ថែមពីនេះនៅក្នុងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចថៃត្រូវបានគេព្យាករណ៍ថានឹងកើនឡើង ៤.១% នៅឆ្នាំ ២០២១ និង ៣.៦% នៅឆ្នាំ២០២២ ដែលតំណាងឱ្យការស្ទុះងើបយឺតៗ ទៅនឹងកម្រិតទិន្នផលផលិតផលក្នុងស្រុកសរុបមុនពេលផ្ទុះឡើងនៃវីរុស Covid-19 នៅពាក់កណ្តាលឆ្នាំ ២០២២ ។ ទំរង់នៃការងើបឡើងវិញ គឺស្ថិតនៅក្រោមហានិភ័យធ្លាក់ចុះគួរឱ្យកត់សម្គាល់រួមមាន កំណើនសេដ្ឋកិច្ចពិភពលោកចុះខ្សោយ វិស័យទេសចរណ៍ខ្សោយ និងការបន្តធ្វើពាណិជ្ជកម្ម និងការរំខានដល់សង្វាក់ផ្គត់ផ្គង់៕

អត្ថបទ៖ លីនី
ប្រភព៖ thailand-business