ប្រទេសឥណ្ឌា បានក្លាយជាប្រទេសទី៣ នៅក្នុងពិភពលោកដែលរងការប្រហាដោយជំងឺ Covid-19 គិតមកទល់ពេលនេះចំនួនអ្នកឆ្លងកើនឡើងជិត ៧០ ម៉ឺននាក់។ ការកើនឡើងនេះបានធ្វើឱ្យក្រុមមន្ត្រីផ្ទុះការតវ៉ាចំពោះការសម្រេចចិត្តបើកឡើងវិញនូវតំបន់ Taj Mahal ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ល្បីល្បាញបំផុត របស់ប្រទេសឥណ្ឌានៅក្នុងទីក្រុង Agra ចម្ងាយ ២០០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង New Delhi កាលពីថ្ងៃច័ន្ទ បន្ទាប់ពីមានករណីថ្មីៗនៅក្នុងតំបន់នេះ។
យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី ៦ ខែកក្កដា បានបង្ហាញថា មានករណីថ្មីជាង ២៣,០០០ ករណី ដែលត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ ម៉ោង គឺមានការថយចុះបន្តិចបើធៀប នឹងការកើនឡើងកាលពីថ្ងៃអាទិត្យ ដែលមានចំនួនជិត ២៥,០០០ នាក់។ តួលេខនេះ បានធ្វើឱ្យប្រទេសឥណ្ឌាជាប្រទេសដែលទទួលរងផលប៉ះពាល់អាក្រក់លំដាប់ទី ៣ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia


