ទីក្រុងចំនួនពីររបស់ថៃ នៅតែទទួលចំណាត់ថ្នាក់ក្នុងចំណោមទីក្រុងថ្លៃបំផុតនៅអាស៊ីសម្រាប់ជនបរទេស
សេដ្ឋកិច្ច July 7, 2020 Chan Sreyny

ទីក្រុងបាងកក និងឈៀងម៉ៃរបស់ប្រទេសថៃ នៅតែស្ថិតក្នុងចំណោមទីក្រុងថ្លៃបំផុតទាំង ៣០ ទីក្រុងនៅអាស៊ីសម្រាប់ជនបរទេស។ បាងកកជាប់ចំណាត់ថ្នាក់ទី ២៨ ដែលឈរលំដាប់ខ្ពស់ជាងឈៀងម៉ៃ នេះបើយោងតាមការស្ទង់មតិចុងក្រោយរបស់ ECA International ស្តីពីតម្លៃ នៃការរស់នៅរបស់ជនបរទេសនៅអាស៊ី។

នៅក្នុងចំណាត់ថ្នាក់ពិភពលោកទីក្រុងបាងកកស្ថិតនៅលំដាប់ទី ៦០ និងឈៀងម៉ៃជាប់ចំណាត់ថ្នាក់ទី ១៤២ ។ ប៉ុន្តែទីក្រុងបាងកក បានធ្លាក់ពីចំណាត់ថ្នាក់កំពូលទាំង ៥០ នៅលើពិភពលោក នៅពេលដែលធ្វើការស្ទង់មតិចុងក្រោយដែលបានចេញផ្សាយកាលពីខែធ្នូ ឆ្នាំ២០១៩ ។

បើយោងតាមការស្ទង់មតិបានឱ្យដឹងថា បាងកកបានធ្លាក់ចំណាត់ថ្នាក់ ៦៤ កន្លែងក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ដោយសារតែមានការចំណាយច្រើននៅទីនោះបានធ្វើឱ្យបាត់បង់ជនបរទេសយ៉ាងច្រើន ទោះបីជាប្រទេសនេះខំប្រឹងអំពាវនាវយ៉ាងណាក៏ដោយ។ ECA International ក៏បានបន្ថែមទៀតថាកំណើនសេដ្ឋកិច្ច និងការវិនិយោគបរទេសបានកើនឡើងមុនពេលមានជំងឺរាតត្បាត​ Covid-19 បានធ្វើឱ្យប្រទេសថៃមានតម្លៃថ្លៃជាងមុនដោយសារតែការឡើងថ្លៃនៃប្រាក់បាត។

ទន្ទឹមនឹងនេះ លោក Lee Quane នាយកប្រចាំតំបន់អាស៊ីនៃ ECA International ក៏បានមានប្រសាសន៍ថា « ប្រាក់បាតបានឡើងថ្លៃគួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យប្រទេសនេះមានតំលៃថ្លៃសម្រាប់ជនបរទេស និងភ្ញៀវទេសចរ »។ ទោះជាយ៉ាងនេះក្ដី និន្នាការនេះបានធ្លាក់ចុះជាងឆ្នាំមុនដោយសារការឆ្លើយតបរបស់រដ្ឋាភិបាលក្នុងការធ្វើឲ្យ ប្រាក់បាតចុះខ្សោយដើម្បីឲ្យប្រទេសនេះមានការប្រកួតប្រជែងឡើងវិញ។ ចំពោះការស្ទង់មតិនេះត្រូវបានអនុវត្តក្នុងខែមីនា និងកញ្ញា រៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០០៥ មក។ ហើយត្រូវបានគណនាទៅលើកញ្ចប់ទំនិញដូចជា៖ ថ្លៃជួលកន្លែងស្នាក់នៅ និងថ្លៃប្រើប្រាស់សេវាកម្ម ចំណែកឯតម្លៃរថយន្ត និងថ្លៃសាលាមិនត្រូវបានរាប់បញ្ចូលនោះទេ៕

អត្ថបទ៖ នីតា
ប្រភព៖ bangkokpost