ធនាគាររដ្ឋឥណ្ឌូនេស៊ី នឹងផ្ដល់ប្រាក់កម្ចី ៦.៣២ ពាន់លានដុល្លារដើម្បីជួយអាជីវកម្មដែលរងគ្រោះដោយកូវីដ
សេដ្ឋកិច្ច July 6, 2020 Chan Sreyny

យោងតាមសមាគមធនាគារគ្រប់គ្រងដោយរដ្ឋ Himbara បានបង្ហាញអំពីគោលជំហររបស់ខ្លួនកាលពីថ្ងៃទី​ ២ ខែកក្កដា កន្លងទៅនេះថា ធនាគារដែលជាសមាជិករបស់ខ្លួនអាចផ្តល់ប្រាក់កម្ចីរហូតដល់ ៩០ ទ្រីលានរូពី (៦.៣២ ពាន់លានដុល្លារអាមេរិក) ដើម្បីជួយដល់អាជីវកម្មខ្នាតតូចឱ្យងើបឡើងវិញពីផលប៉ះពាល់សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរដែលបណ្ដាលមកពីជំងឺ Covid-19 ។

ប្រធានធនាគារ Himbara និងជាប្រធានធនាគារ Bank Rakyat Indonesia (BRI) លោក Sunarso បាននិយាយថា ធនាគារបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ប្រាក់កម្ចីរបស់ខ្លួនដល់ទៅ ៣ ដងនៃថវិកាដែលរដ្ឋាភិបាលបានដាក់ ហើយនេះជាផ្នែកមួយនៃកម្មវិធីស្តារសេដ្ឋកិច្ចជាតិរបស់ខ្លួនឡើងវិញ។ ចំណែកឯសមាជិក Himbara ទាំងបួនរួមមាន៖ BRI, Bank Negara Indonesia (BNI), Bank Tabungan Negara (BTN) និង Bank Mandiri ។

លើសពីនេះទៀត ធនាគារបានផ្តល់អាទិភាពដល់សហគ្រាសខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យជាច្រើនដូចជា៖ វិស័យម្ហូបអាហារ និងការចែកចាយ ទេសចរណ៍ ការដឹកជញ្ជូន លំនៅដ្ឋាន និងសំណង់។ ពីព្រោះតែធនាគារយល់ថាវិស័យទាំងនេះមានតម្រូវការខ្ពស់ក្នុងការស្ដារឡើងវិញ បន្ទាប់ពីមានការកាត់បន្ថយនៃការរឹតបន្តឹងសង្គម (PSBB) ខណៈពេលដែលរដ្ឋាភិបាលខិតខំស្ដារសេដ្ឋកិច្ចឱ្យដំណើរការឡើងវិញ។

ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោកស្រី Sri Mulyani Indrawati បានប្រកាសកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលនឹងដាក់ប្រាក់ចំនួន ៣០ ទ្រីលានរូពី (ជាង ២ ពាន់លានដុល្លា) នៅក្នុងធនាគាររបស់រដ្ឋ ដើម្បីផ្តល់ជាប្រាក់កម្ចីដល់អាជីវកម្មក្នុងការស្តារសេដ្ឋកិច្ច។ រដ្ឋាភិបាលរំពឹងថា សេដ្ឋកិច្ចរបស់ប្រទេសនឹងធ្លាក់ចុះត្រឹម ០.៤% នៅក្នុងឆ្នាំនេះ ក្រោមសេណារីយ៉ូដ៏អាក្រក់បំផុត ឬកើនឡើង ១% ក្រោមសេណារីយ៉ូមូលដ្ឋាន ខណៈដែលជំងឺរាតត្បាតបានបំផ្លាញដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus