ថៃកំពុងចាប់យកវិនិយោគិនអាមេរិក ដើម្បីបង្កើតមជ្ឈមណ្ឌលដែលដូចទៅនឹងតំបន់ Silicon Valley នៅក្នុងប្រទេស
សេដ្ឋកិច្ច July 4, 2020 Chan Sreyny

រដ្ឋាភិបាលថៃចង់ទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមកវិនិយោគនៅក្នុងប្រទេស ខណៈវិនិយោគិនអាមេរិកកំពុងត្រូវបានគេជម្រុញឲ្យបង្កើតមជ្ឈមណ្ឌលដែលមានលក្ខណៈដូចទៅនឹងតំបន់ Silicon Valley សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាច្នៃប្រឌិតថ្មីនៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) ដោយរដ្ឋាភិបាលបានសន្យាថានឹងបង្កើតកញ្ចប់ផ្សព្វផ្សាយពិសេសសម្រាប់ក្រុមហ៊ុនទាំងនោះ។

តាមរយៈជំនួបពិភាក្សារវាងឧបនាយករដ្ឋមន្រ្តី Somkid Jatusripitak ជាមួយលោក Michael George DeSombre ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានឲ្យដឹងថា ភាគីទាំងពីរបាននិយាយគ្នាអំពីក្របខ័ណ្ឌសម្រាប់ធ្វើការរួមគ្នាដើម្បីពង្រឹងសេដ្ឋកិច្ច និងជំរុញការវិនិយោគរបស់សហរដ្ឋអាមេរិកនៅប្រទេសថៃ។ ក្នុងនោះលោក Somkid Jatusripitak បានលើកឡើងផងដែរថា បណ្តាប្រទេសនានាគួរតែបង្កើតមជ្ឈមណ្ឌលដូចនឹង Silicon Valley ជាកន្លែងដែលមានក្រុមហ៊ុនថ្មីៗជាច្រើន និងក្រុមហ៊ុនបច្ចេកវិទ្យាសកលនៅក្នុងតំបន់ EEC រួមទាំងការបង្កើតសាកលវិទ្យាល័យ ការចាប់ផ្តើមអាជីវកម្ម និងក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់ រួមទាំងមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍។

លោកបានបន្តថា ប្រទេសថៃនៅតែមានការទាក់ទាញច្រើនសម្រាប់ការវិនិយោគបរទេស ខណៈប្រទេសនេះផ្តល់នូវទីតាំងសមស្របបំផុតសម្រាប់ការវិនិយោគ និងខ្សែសង្វាក់ផ្គត់ផ្គង់របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាមួយគ្នានេះប្រទេសថៃដែលមានទីតាំងភូមិសាស្ត្រអំណោយផល អាចបង្កើតការផ្សារភ្ជាប់ដ៏ល្អឥតខ្ចោះទៅនឹងទីផ្សារផ្សេងៗដូចជា ហុងកុង និងចិន ខណៈដែលភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលត្រូវបានរំពឹងថានឹងត្រូវបានដោះស្រាយនៅឆ្នាំនេះនឹងធ្វើឱ្យតំបន់នេះកាន់តែមានភាពទាក់ទាញ។

ជាងនេះទៅទៀតលោកបានឲ្យដឹងបន្ថែមថា សហរដ្ឋអាមេរិកក៏បានស្នើរដ្ឋាភិបាលថៃបង្កើនល្បឿនលើកកម្ពស់ការវិនិយោគនៅក្នុងឧស្សាហកម្មដែលជោគជ័យដូចជា គ្រឿងអេឡិចត្រូនិក ឌីជីថល និងឧបករណ៍វេជ្ជសាស្ត្រ។ ស្របពេលដែលប្រទេសថៃ ត្រៀមខ្លួនជាស្រេចក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ ECC បន្ទាប់ពីចប់វិបត្តិ Covid-19 ដែលនឹងលេចចេញជារូបរាងនៅឆ្នាំក្រោយ។ យ៉ាងណាមិញលោក Somkid បាននិយាយថា វិនិយោគិនអាមេរិកនៅតែចង់វិនិយោគនៅប្រទេសថៃ និងប្រើការវិនិយោគជាមូលដ្ឋានផលិតកម្មសម្រាប់អាស៊ីអាគ្នេយ៍។

មិនតែប៉ុណ្ណោះលោកបានបន្តថា ប្រទេសថៃនិងសហរដ្ឋអាមេរិកអាចបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឬ បង្កើតកញ្ចប់វិនិយោគពិសេសសម្រាប់ក្រុមហ៊ុនអាមេរិកដែលយល់ព្រមបង្កើតមូលដ្ឋានផលិតកម្មរបស់ខ្លួននៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC)។ ដោយសហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មធំទី៣ របស់ប្រទេសថៃ (បន្ទាប់ពីចិន និងជប៉ុន) ដោយមានពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០១៩ ក្នុងរង្វង់ទឹកប្រាក់សរុបចំនួន ៤៨.៦ ពាន់លានដុល្លារអាមេរិក។ ដោយឡែកបើយោងតាមក្រុមប្រឹក្សាវិនិយោគ ការដាក់ពាក្យសុំវិនិយោគរបស់សហរដ្ឋអាមេរិកមានចំនួនសរុប ១២.២៥ ពាន់លានបាតសម្រាប់គម្រោងចំនួន ៣៤ ក្នុងឆ្នាំ២០១៩ ហើយក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះមានតម្លៃចំនួន ១៣៨ លានបាតសម្រាប់គម្រោងចំនួន ៦៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost