ប្រទេសអាឡឺម៉ង់ ត្រៀមទឹកប្រាក់ចំនួន ៤០ ពាន់លានអឺរ៉ូ ឬប្រមាណ ៤៥ ពាន់លានដុល្លារ ដល់តំបន់ដែលពឹងផ្អែកលើធ្យូងថ្មដើម្បីជួយពួកគេក្នុងការផ្លាស់ប្ដូរ នៅពេលដែលចេញច្បាប់បញ្ឈប់ស្ថានីយ៍ថាមពលធ្យូងថ្មក្នុងប្រទេសនៅឆ្នាំ ២០៣៨ ។ ដោយច្បាប់នេះត្រូវបានអនុម័តដោយសភាកាលពីថ្ងៃសុក្រ កន្លងទៅ។
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងថាមពលលោក Peter Altmaier បានប្រាប់អ្នកយកព័ត៌មានថា ការអនុម័តច្បាប់នេះគឺជាចំណុចរបត់ប្រវត្តិសាស្ត្រមួយ ដោយលោកបាននិយាយថាប្រទេសអាល្លឺម៉ង់នឹងបន្តធ្វើការផ្លាស់ប្តូរថាមពលប្រកបដោយភាពជោគជ័យ។

ទន្ទឹមនឹងនេះ ប្រទេសអាឡឺម៉ង់ក៏បានសំរេចចិត្តបញ្ឈប់រោងចក្រថាមពលនុយក្លេអ៊ែរនៅឆ្នាំ ២០២២ ។ ដោយគោលនយោបាយនេះត្រូវបានបង្កើតឡើង បន្ទាប់ពីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ Fukushima នៅក្នុងឆ្នាំ ២០១១ ។ គួររំលឹកផងដែរថា ៤២% នៃការប្រើប្រាស់ថាមពលសរុបរបស់អាល្លឺម៉ង់ បានមកពីថាមពលកកើតឡើងវិញក្នុងឆ្នាំ ២០១៩ ។ ប្រទេសនេះមានគោលបំណងបង្កើនអត្រានេះដល់ ៦៥% នៅឆ្នាំ ២០៣០ ៕

អត្ថបទ៖ នីតា
ប្រភព៖ nhk


