ប្រទេសឥណ្ឌូនេស៊ី បានទទួលភ្ញៀវទេសចរបរទេសត្រឹមតែ ១៦៣,៦៤៦ នាក់ប៉ុណ្ណោះនៅក្នុងខែឧសភា នេះដែលមានការធ្លាក់ចុះរហូតដល់ ៨៦.៩% បើធៀបទៅនឹងឆ្នាំមុនដោយសារជំងឺរាតត្បាត Covid-19 នេះបើយោងតាម ស្ថិតិឥណ្ឌូនេស៊ី (BPS) បានប្រកាសនៅថ្ងៃទី ១ ខែកក្កដា កន្លងទៅ។
លោក Suhariyanto ប្រធាន BPS បាននិយាយថា វិស័យទេសចរណ៍របស់ប្រទេសនេះនៅតែរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺ Covid-19 ។ លោកបានបន្ថែមទៀតថា រដ្ឋាភិបាលបានរៀបចំយុទ្ធសាស្រ្តដើម្បីធ្វើឱ្យវិស័យទេសចរណ៍ងើបឡើងវិញ ប៉ុន្តែការងើបឡើងវិញនេះនឹងចំណាយពេលវេលាយូរពីព្រោះយើងមិនដឹងថាវិបត្តិនៃជំងឺ Covid-19 នឹងបញ្ចប់នៅពេលណានោះទេ។

ទន្ទឹមនឹងនោះ លោកបានបន្តទៀតថាវិស័យទេសចរណ៍ គឺជាវិស័យមួយក្នុងចំណោមវិស័យដែលរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារការរីករាលដាលនៃជំងឺ ដែលគោលដៅទេសចរណ៍ជាច្រើនគ្មានភ្ញៀវទាល់តែសោះ ចាប់តាំងពីខែមីនា មកដោយសារតែបណ្តាប្រទេសនៅជុំវិញពិភពលោកបានដាក់កំហិតលើការធ្វើដំណើរ និងការអនុវត្តការរឹតត្បិតលក្ខណៈទ្រង់ទ្រាយធំ (PSBB) ដូចជានៅក្នុងប្រទេសឥណ្ឌូនេស៊ីជាដើម ដែលបានបង្ខំឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះដើម្បីទប់ស្កាត់ការរាតត្បាត។

គួររំលឹកផងដែរថា ចាប់ពីខែមករា ដល់ខែឧសភា ប្រទេសឥណ្ឌូនេស៊ីមានចំនួនភ្ញៀវទេសចរណ៍បរទេសត្រឹមតែ ២.៩ លាននាក់ប៉ុណ្ណោះ ពោលគឺធ្លាក់ចុះ ៥៣.៥៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
ប្រភព៖ នីតា
អត្ថបទ៖ vietnamplus


