សកម្មភាពពាណិជ្ជកម្មរបស់អាមេរិកកាន់តែអាក្រក់ទៅៗក្នុងខែឧសភា ដោយសារការនាំចេញមានកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ២០០៩ មក
សេដ្ឋកិច្ច July 3, 2020 Chan Sreyny

សកម្មភាពពាណិជ្ជកម្មរបស់អាមេរិកបានធ្លាក់ចុះកាលពីខែឧសភា នៅពេលដែលការចាក់សោរប្រទេសដើម្បីទប់ស្កាត់ការឆ្លងរីករាលនៅតែបន្តបង្អាក់ដល់សកម្មភាពដឹកជញ្ជូន និងតម្រូវការអ្នកប្រើប្រាស់។ បើតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះបានឲ្យដឹងថា ឱនភាពទំនិញ និងសេវាកម្មរបស់ប្រទេសនេះបានកើនឡើងដល់ ៥៤.៦ ពាន់លានដុល្លារក្នុងខែឧសភាពីការកែតំរូវកាលពីមុនចំនួន ៤៩.៨ ពាន់លានដុល្លារ។

មូលហេតុដែលធ្វើឲ្យមានឱនភាពទាំងនេះត្រូវបានគេលើកឡើងជាញឹកញាប់ថា ពាក់ព័ន្ទនឹងលោក ដូណាល់ ត្រាំ ដែលមានជម្លោះពាណិជ្ជកម្មជាមួយប្រទេសចិន ដែលនៅតែបន្តយ៉ាងក្ដៅគគុកចាប់តាំងពីខែធ្នូ ឆ្នាំ២០១៨ មក។ ជាមួយគ្នានេះដែរនៅក្នុងខែ ឧសភា កន្លងទៅនេះ ការនាំចេញរបស់អាមេរិកបានធ្លាក់ចុះពី ១៥១.១ ពាន់លានដុល្លារមកត្រឹម ១៤៤.៥ ពាន់លានដុល្លារ ជាកម្រិតទាបបំផុតចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០០៩ ។ ដោយឡែកការនាំចូលបានធ្លាក់ចុះពី ២០០.៩ ពាន់លានដុល្លារមកនៅត្រឹម ១៩៩.១ ពាន់លានដុល្លារ។

បន្ថែមពីនេះឱនភាពរបស់សហរដ្ឋអាមេរិកជាមួយប្រទេសចិនបានកើនឡើងពី ១.៩ ពាន់លានដុល្លារដល់ទៅ ២៧.៩ ពាន់លានដុល្លារ ដោយសារសកម្មភាពនាំចូលកាន់តែខ្ពស់បានគ្របដណ្តប់លើការកើនឡើងនៃការនាំចេញ។ ទោះបីជាយ៉ាងនេះក្ដីការ Oxford Economics បាននិយាយនៅក្នុងកំណត់ត្រាមួយថា ការនាំចេញនឹងស្ទុះងើបឡើងវិញនៅឆមាសទី២ នៃឆ្នាំនេះ ប៉ុន្តែស្ថិតនៅ ១៨% ទាបជាងកម្រិតមុនការរាតត្បាតនៅឆ្នាំ២០២១ ។ លើសពីនេះការនាំចូលនឹងនៅដដែល នៅក្រោមកម្រិតដើមឆ្នាំ ២០២០ ហើយទំហំពាណិជ្ជកម្មនឹងធ្លាក់ចុះក្នុងអត្រាខ្ពស់បំផុតមុនដាច់ឆ្នាំនេះ។

គួរបញ្ជាក់ផងដែរថា ពាណិជ្ជកម្មអាមេរិកបានដួលរលំបន្ទាប់ពីវីរុស Covid-19 បានរីករាលដាលជាសកលនៅខែកុម្ភៈ ហើយការរាតត្បាតបានបង្អាក់ដល់បណ្តាញផ្គត់ផ្គង់នៅជុំវិញពិភពលោក និងរារាំងការចំណាយរបស់អ្នកប្រើប្រាស់។ ជាងនេះទៅទៀតការកើនឡើងភាពតានតឹងរវាងអាមេរិកនិងចិន ក៏ធ្វើឱ្យខូចខាតដល់ពាណិជ្ជកម្មផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ businessinsider