រដ្ឋាភិបាលថៃបានតែងតាំងឧទ្យាន Tham Luang ក្នុងនាមជាបេតិកភណ្ឌអាស៊ាន
ទេសចរណ៍ July 2, 2020 Chan Sreyny

រដ្ឋាភិបាលថៃបានតែងតាំងឧទ្យានព្រៃ Tham Luang នៅខេត្តឈៀងរ៉ៃ ភាគខាងជើងនៃប្រទេសថៃក្នុងនាមជាបេតិកភណ្ឌអាស៊ាន បន្ទាប់ពីឧទ្យាននេះបានល្បីសុះសាយជុំវិញពិភពលោកនៅពេលដែលព័ត៌មានក្មេងប្រុស ១៣នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេបានជាប់នៅក្នុងរូងភ្នំ Tham Luang បន្ទាប់ពីមានទឹកជំនន់។

យ៉ាងណាមិញថ្ងៃនេះ គឺជាថ្ងៃគម្រប់ ២ឆ្នាំដែលអ្នកទាំង ១៤ ត្រូវបានរកឃើញនៅរស់ដោយក្រុមអ្នកមុជទឹកស្ម័គ្រចិត្តមកពីចក្រភពអង់គ្លេសនិងថៃ ដោយនៅដំណាក់កាលនោះពួកគេបានបាត់ខ្លួនអស់រយៈពេល ៩ ថ្ងៃ រួមទាំងប្រើពេលដើម្បីយកពួកគេចេញមកវិញសរុបទាំងអស់ចំនួន ១៩ថ្ងៃ។ ឧទ្យានព្រៃ Tham Luang កំពុងឆ្លងកាត់ដំណើរការដើម្បីក្លាយជាឧទ្យានជាតិ ហើយបន្ទាប់ពីមានសំណើរពីក្រសួងធនធានធម្មជាតិ និងបរិស្ថានរបស់ប្រទេសថៃ នឹងត្រូវបានគេតែងតាំងជាបេតិកភណ្ឌអាស៊ាន។

ទន្ទឹមនឹងនេះ ឧទ្យានជាតិ Khao Sok នៅភាគខាងត្បូងប្រទេសថៃក៏ត្រូវបានគេតែងតាំងផងដែរ ខណៈចំណាត់ថ្នាក់នេះនឹងជម្រុញទម្រង់នៃឧទ្យានទាំងពីរ ដែលត្រូវបានគេសង្ឃឹមថានឹងជួយទាក់ទាញបង្កើនថវិកាសម្រាប់គម្រោងអភិរក្ស។ ដោយឧទ្យានទាំងពីរនេះត្រូវបានគេយល់ថា ប្រភេទសត្វជិតផុតពូជជាច្រើនអាចត្រូវបានគេរកឃើញនៅក្នុងឧទ្យានព្រៃ Tham Luang ដែលត្រូវបានព័ទ្ធជុំវិញដោយក្រុមជនជាតិភាគតិចចំនួន ១០ រួមទាំងជនជាតិ Tai-Yai និង Akha៕

អត្ថបទ៖ លីនី
ប្រភព៖ thethaiger