អូស្រ្តាលីចាប់អារម្មណ៍ក្នងការវិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជាដូចជា ថាមពលវារីអគ្គិសនី និងថាមពលពន្លឺព្រះអាទិត្យ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ នេះ។ ចំណាប់អារម្មណ៍ដែលបានគូសបញ្ជាក់នៅទីនេះត្រូវបានលើកឡើងកាលពីម្សិលមិញដោយឯកអគ្គរដ្ឋទូតអូស្ត្រាលី ដែលទើបតែងតាំងថ្មីប្រចាំនៅកម្ពុជាឯកឧត្តម Pablo Chiho Kang ក្នុងឱកាសជួបជាមួយឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។
ជាកិច្ចឆ្លើយតបលោកឧកញ៉ា គិត ម៉េង បានស្វាគមន៍ការចាប់អារម្មណ៍របស់ភាគីអូស្ត្រាលី ដោយបញ្ជាក់ថាលោកបានត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយក្រុមហ៊ុនអូស្រ្តាលីដែលមានបំណងវិនិយោគនៅកម្ពុជា។ ខណៈក្រុមហ៊ុនអូស្ត្រាលីធំ ៗ ដែលវិនិយោគនៅកម្ពុជារួមមានធនាគារ ANZ, ក្រុមហ៊ុន Toll Group, វីងជាដើម។

បន្ថែមពីនេះលោកឧកញ៉ាបានរំលឹកពីការចូលរួមចំណែកយ៉ាងសកម្មរបស់អូស្រ្តាលី ក្នុងដំណើរការកសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។ លោកក៏បានសម្តែងក្តីសង្ឃឹម និងអរគុណចំពោះបេសកកម្មការទូតរបស់លោក Pablo Chiho Kang ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទំនាក់ទំនងពាណិជ្ជកម្មរបស់ពួកគេនឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត៕

អត្ថបទ៖ លីនី
ប្រភព៖ ក្រសួងព័ត៌មាន


