ប្រទេសវៀតណាម និងបង់ក្លាដេសត្រូវបានគេចាត់ទុកថាជាដៃគូប្រកួតប្រជែងដែលមានសក្ដានុពលបំផុតរបស់ឥណ្ឌូណេស៊ីក្នុងការទាក់ទាញការវិនិយោគបរទេសបន្ទាប់ពីវីរុស Covid-19 អាចគ្រប់គ្រងបាន នេះបើយោងតាមរដ្ឋមន្រ្តីក្រសួងសាធារណការ និងលំនៅដ្ឋានសាធារណៈ (PUPR) លោក Basuki Hadimuljono។
ជាមួយគ្នានេះដែរដើម្បីស្វាគមន៍រលកនៃការផ្លាស់ប្ដូរការវិនិយោគបរទេសពីប្រទេសចិន ឥណ្ឌូនេស៊ីបានរៀបចំតំបន់ដីធ្លីដើម្បីទាក់ទាញវិនិយោគិនទាំងនោះ។ ទន្ទឹមនឹងនេះលោករដ្ឋមន្រ្តីបានលើកឡើងថា ប្រធានាធិបតី Joko Widodo បានសម្តែងការព្រួយបារម្ភម្តងហើយម្តងទៀត អំពីការទាក់ទាញការវិនិយោគបរទេសរបស់ប្រទេសឥណ្ឌូនេស៊ីមានកម្រិតទាបជាងប្រទេសជិតខាងដូចជា ប្រទេសវៀតណាម និងបង់ក្លាដេសជាដើម។

ដូច្នេះទីភ្នាក់ងាររដ្ឋាភិបាលឥណ្ឌូនេស៊ីបានកែសម្រួលគោលនយោបាយមួយចំនួនយ៉ាងឆាប់រហ័ស ដើម្បីបង្កើតលក្ខខណ្ឌល្អប្រសើរសម្រាប់វិនិយោគិនបរទេស ក្នុងការធ្វើប្រតិបត្តិការនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ មិនតែប៉ុណ្ណោះរដ្ឋាភិបាលក៏បានជំរុញគោលនយោបាយសាងសង់សួនឧស្សាហកម្មដើម្បីស្វាគមន៍វិនិយោគិនអាមេរិក និងជប៉ុនផងដែរ។ ខណៈបច្ចុប្បន្នប្រទេសឥណ្ឌូនេស៊ីមានសួនឧស្សាហកម្មចំនួន ១០៣ លើផ្ទៃដី ៥៥ ០០០ ហិកតា៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


