ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា តាមការវាយតម្លៃពីអ្នកជំនាញសម្រាប់ជម្ងឺកូវីដ-១៩ វានឹងធ្វើឲ្យសេដ្ឋកិច្ចលើពិភពលោកថយ ៧ឆ្នាំហើយសម្រាប់ប្រទេសកម្ពុជានឹងថយ ៥ឆ្នាំផងដែរ។ ការវាយតម្លៃដូច្នេះមានន័យថា បើមិនមានកូវីដ-១៩ទេ កម្ពុជានៅឆ្នាំ២០២០នេះ នឹងទទួលភ្ញៀវទេសចរណ៍ចំនួន ៧លាននាក់ ប៉ុន្តែខណៈជំងឺផ្ទុះឡើងចំនួននេះអាចទទួលបាននៅឆ្នាំ២០២៥ ឯណោះ។
ការបញ្ជាក់បែបនេះរបស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត បទដ្ឋានគតិយុត្តដាក់ឱ្យអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍ជំហានទី១ សម្រាប់ដំណាក់ កាលវិបត្តិជំងឺកូវីដ-១៩(Covid-19 )និងផែនការអនុវត្តបន្ត នៅសាលារាជធានីភ្នំពេញ។

នាឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តីមានប្រសាសន៍ថា ទោះបីជា វិស័យទេសចរណ៍កម្ពុជាបាននឹងកំពុងទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីវិបត្តិនៃជំងឺកូវីដ១៩ ក៏ដោយ យើងសង្កេតឃើញនូវសញ្ញាណវិជ្ជមានមួយចំនួន គិតចាប់ពីដើមខែឧសភាមក។ បន្ថែមលើនេះក្នុងរយៈពេល ០៣សប្តាហ៍នៃខែមិថុនានេះ មានភ្ញៀវទេសចរជាង ៤៥ម៉ឺននាក់ចេញដើរទស្សនានៅទូទាំងប្រទេស ក្នុងកំណើនប្រមាណ ៧.២៤% ធៀបនឹងរយៈពេល ០៣ សប្តាហ៍នៃខែឧសភា កន្លងមក។

ដោយឡែកសម្រាប់រាជធានីភ្នំពេញក្នុងរយៈពេល៤ខែដើមឆ្នាំនេះ ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៧៧៥ ៧៥០នាក់ ថយចុះ ៤៦.២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ ឯកឧត្តម ថោង ខុន បញ្ជាក់ទៀតថា ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរនេះ ពិតជាបានបង្ករផលប៉ះពាល់ជាច្រើនដល់ប្រតិបត្តិករទេសចរណ៍ ជាក់ស្តែងគិតត្រឹម ខែឧសភា ឆ្នាំ២០២០ មានអាជីវកម្មទេសចរណ៍បិទ និងបិទបណ្ដោះអាសន្នសរុប ២,៩៥៦ទីតាំង និងមានបុគ្គលិកបម្រើការងារផ្ទាល់សរុប ៤៥,៤០៥នាក់។ ប៉ុន្តែសម្រាប់គោលដៅរាជធានីភ្នំពេញមិនទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងដូចគោលដៅទេសចរណ៍ធំៗផ្សេងទៀតឡើយ។

ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា តាមការវាយតម្លៃពីអ្នកជំនាញសម្រាប់ជម្ងឺកូវីដ-១៩នេះ វានឹងធ្វើអោយសេដ្ឋកិច្ចលើពិភពលោកថយ ៧ឆ្នាំ ហើយសម្រាប់ប្រទេសកម្ពុជានឹងថយ៥ឆ្នាំផងដែរ ។ មានន័យថា បើមិនមានកូវីដ-១៩ កម្ពុជា នៅឆ្នាំ២០២០នេះនឹងទទួលភ្ញៀវទេសចរណ៍ចំនួន៧លាននាក់ តែចំនួននេះអាចទទួលបាននៅឆ្នាំ២០២៥ឯណោះ៕
ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា


