ខេត្តសៀមរាបបានបង្ហាញសញ្ញានៃការងើបឡើងជាបណ្ដើរៗ ខណៈមូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួននៅក្នុងខេត្តដ៏មានសក្ដានុពលមួយនេះបានបើកដំណើរការអាជីវកម្មវិញជាធម្មតា នេះបើយោងតាមប្រសាសន៍របស់ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងកាលពីពេលថ្មីៗនេះ។
ឯកឧត្ដមបណ្ឌិតបានឱ្យដឹងថា ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ដោយក្នុងរយៈពេល ៣សប្តាហ៍នៃខែមិថុនា ឆ្នាំ២០២០ មានចំនួនសរុប ៤៥២,៦៩២នាក់ កើនឡើង ៧.២៤% ធៀបនឹងរយៈពេល ៣សប្តាហ៍ នៃខែឧសភា កន្លងមក។ ជាមួយគ្នានេះ ក្នុងចំណោមភ្ញៀវទាំងនោះមានភ្ញៀវជាតិចំនួន ៤៤១,៣៩៧ នាក់ កើនឡើង ៦.៦១% និងភ្ញៀវបរទេសមានចំនួន ១,២៩៥ នាក់ កើនឡើង ៣៩.៣៤%។

បន្ថែមពីនេះទៅទៀត ឯកឧត្ដមបណ្ឌិតបានបញ្ជាក់បន្ថែមថាខេត្តតំបន់ឆ្នេរ (ពិសេសខេត្តកំពត និងកែប) នៅតែជាគោលដៅទេសចរណ៍សំខាន់ដែលបានទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងច្រើន (ជិត ៥០% នៃទេសចរផ្ទៃក្នុងសរុប)។ ចំណែកឯខេត្តសៀមរាប ក៏នៅតែបន្តបង្ហាញសញ្ញានៃការងើបឡើងជាបណ្តើរៗ ខណៈមូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួន ពិសេសសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន បានបើកដំណើរការអាជីវកម្មឡើងវិញជាធម្មតា។

ជាមួយការបន្តងើបឡើងវិញនូវចលនាទេសចរណ៍ផ្ទៃក្នុងនេះ ក្រសួងទេសចរណ៍បានពង្រឹងកិច្ចសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ក្នុងការជំរុញអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្ម ៦ ប្រភេទ ដើម្បីទប់ស្តាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលរួមមានសេវាស្នាក់នៅ ភោជនីយដ្ឋាន ការដឹកជញ្ជូនទេសចរណ៍ផ្លូវគោក ការដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍៕


អត្ថបទ៖ លីនី
ប្រភព៖ ក្រសួងទេសចរណ៍


